ក្រោយពីទទួលបានឱកាសពីផលិតកម្មបារមីធ្វើជាពិធីការិនីនៅក្នុងកម្មវិធីធំមួយគឺ The Rapper Cambodia វ៉ាន់ នីឡា បានទម្លាយអារម្មណ៍ដែលមិនអាចគណនាបានព្រោះនេះជាឱកាសនឹកស្មានមិនដល់នៅក្នុងជីវិត ហើយវាក៏ជាក្តីស្រមៃតាំងពីតូចរបស់នាងដូចគ្នាក្រៅពីអាជីពជាតារាចម្រៀង។
សន្ទុះបទចម្រៀងរ៉េបនៅប្រទេសកម្ពុជាកាន់តែទទួលបានការគាំទ្រពីសំណាក់យុវវ័យដែលគេអាចនិយាយបានថា វណ្ណដា ជាផ្នែកមួយដែលជំរុញឱ្យវិស័យរ៉េបនៅប្រទេសកម្ពុជាកាន់តែឈានទៅមុខ។ ទន្ទឹមនឹងការរីកសាយភាពពីវិស័យនេះផលិតកម្មបារមី បានរៀបចំកម្មវិធីធំមួយដែលផ្តល់ឱកាស យុវជន យុវនារី ដែលស្រលាញ់វិស័យរ៉េបមកប្រកួតនៅក្នុងកម្មវិធី The Rapper Cambodia ។
ជាមួយគ្នានេះដែរ តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានជ្រើសរើសធ្វើជាពិធីការិនីនៅក្នុងកម្មវិធី ខាងលើនេះជាមួយដៃគូពិធីករគឺលោក វីន វិទូ (Vin Vitou) ។ ទទួលបានឱកាសនេះ វ៉ាន់ នីឡា បានទម្លាយអារម្មណ៍មួយនៅពីក្រោយថាអាជីពពិធីការិនីនេះគឺជាក្តីស្រមៃរបស់នាងតាំងពីតូចក្រៅពីអាជីពតារាចម្រៀង។
វ៉ាន់ នីឡា បានរៀបរាប់លើបណ្តាញសង្គមថ្ងៃទី១៤ ខែកក្កដា នេះថា «អារម្មណ៍មួយនេះមិនដឹងត្រូវរៀបរាប់ចាប់ពីកន្លែងណាទីបំផុតបំណងប្រាថ្នារបស់ខ្ញុំតាំងពីតូចគឺបានសម្រេចហើយ។ អាជីពជាពិធីការនីគឺជាអ្វីដែលខ្ញុំស្រលាញ់ខ្លាំងបន្ទាប់ពីបំណងជាតារាចំរៀង។ នាងខ្ញុំសូមយកឱកាសនេះអរគុណទៅដល់ផលិតកម្មបារមី ដែលបានផ្តល់ឱកាសមួយនេះមកកាន់នាងខ្ញុំ។ វាជារឿងដ៏អស្ចារ្យមួយដែលកើតឡើងដោយមិននឹកស្មានដល់ នាងខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព …»។
គួរបញ្ជាក់ផងដែរថា The Rapper Cambodia គឺជាកម្មវិធីប្រលងរ៉េបដ៏ពេញនិយមដែលមានប្រភពពីប្រទេសថៃ ហើយក៏ត្រូវបានប្រទេសវៀតណាមទិញសិទ្ធិផលិតកម្មវិធីក្រោមឈ្មោះ Rap Viet ផងដែរ។ សម្រាប់កម្ពុជាវិញតារាចម្រៀង វណ្ណដា និង Juvie (ជូវី)ជា
ផលិតករនៅក្នុងកម្មវិធី The Rapper Cambodia ហើយមាន Coach ៤រូបគឺ ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ខណៈម្ចាស់ជ័យលាភីនិងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ៕










