រូបភាពមួយដែលសរសេរថា «ត្រីអាំងបែបថៃ» ត្រូវបានផេកល្បីឈ្មោះមួយយកបង្ហោះរហូតក្លាយជាប្រធានបទជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមអំពីពាក្យនេះ និងបានលើកឡើងជាច្រើនទៅនឹងអាហារលក់នៅកម្ពុជាតែនិយមប្រើពាក្យ«បែបថៃ»។ រឿងនេះក៏មានអ្នកលេងបណ្តាញសង្គមយកទៅលេងពាក្យលេងសម្តីក្លាយទៅជាពាក្យល្បីនាពេលនេះ។
«ត្រីអាំងបែបថៃ, បុកល្ហុងបែបថៃ ,សាច់ជ្រូកអាំងបែបថៃ ,គោឡើងភ្នំម៉ូកៈថៈបែបថៃ ដល់ពេលទុរេនថៃបែរប្រាប់ថាទុរេនកំពត …» នេះជាការលើកឡើងរបស់អ្នកលេងបណ្តាញអ៊ីនធឺណេត ត្រូវនិងបរិបទនាពេលនេះបន្ទាប់ពីតូបអាហារនិងហាងមួយចំនួននិយមប្រើពាក្យនេះដើម្បីទាក់ទាញភ្ញៀវ។ ទោះយ៉ាងណាការប្រើពាក្យ «បែបថៃ» ដែលមិនសមទំនងនៅរឿងមួយចំនួនធ្វើឱ្យមានការលើកឡើងថាខុសពីរសជាតិប្រទេសនេះប្រហែលជាញុំាមិនកើតហើយមើលទៅបានជាសឹងតែគ្រប់យ៉ាងចូលចិត្តតែដាក់ដូច្នេះ។
ទន្ទឹមនឹងពាក្យពេចន៍ខាងលើនេះធ្វើឱ្យមានការបង្ហោះលេងសើចពាក្យសម្តីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ទៅតាមរូបភាពដែលពួកគេបានស៊ែរនិងបង្ហោះ រួមជាមួយពាក្យថា «បែបខ្មែរ» ទៅតាមទំនោរការប្រើពាក្យរបស់គេក្នុងន័យលើកតំកើនផលិតផលរបស់ខ្មែរ វិញម្តង។
ទោះជាយ៉ាងណា រឿងដែលបានកើតឡើងថ្មីៗនេះវាក៏ជារឿងមួយដែលគួរគិតពិចារណា នៅក្នុងរឿងជាច្រើនទៀត តើយើងគួរបន្តលើកតំកើនជាតិសាសន៍ដទៃទាំងមិនទំនងឬយ៉ាងណា? ដល់ពេលមានរឿងនេះយើងគួរបកត្រឡប់គិតឡើងវិញគួរតែគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើនជាងគាំទ្ររបស់ប្រទេសដទៃ ប្រសិនជាប្រើរបស់ប្រទេសដទៃដោយជៀសមិនរួចគួរកុំដល់ថ្នាក់សូម្បីតែត្រីអាំងក៏ប្រើពាក្យ «បែបថៃ» ដែលជាសញ្ញាប្រាប់ថាយើងចូលចិត្តឱ្យតម្លៃគេជាងតម្លៃជាតិឯង។
មិនខុសនោះទេដែលយើងទិញ, ប្រើ ,ញុំា របស់ជនជាតិដទៃ ព្រោះជាសិទ្ធរបស់បុគ្គលក្នុងការជ្រើសរើសប៉ុន្តែគួរកុំធ្វើដល់ហួសកំណត់ភ្លេចរបស់ខ្លួនឯង ដល់ពេលជាតិគេយករបស់ខ្លួនឯងទៅ ទើបចាប់ផ្តើមកើតទុក្ខមិនសុខចិត្ត។
នេះគ្រាន់តែជាគំនិតខ្លះៗប៉ុណ្ណោះយើងពុំមានចេតនាបង្ហាញការរើសអើងដាក់ជាតិសាសន៍ដទៃដូចគ្នា គ្រាន់តែរឿងខ្លះ ពេលខ្លះ យើងគួរប្រើអត្តសញ្ញាណជាតិខ្លួនយើងជាងជាតិផ្សេង សម្រាប់មហាជនយល់ឃើញយ៉ាងណាទៅលើរឿងគឺទៅតាមការគិតរៀងៗខ្លួនរបស់យើង៕











