រដ្ឋធានីកៀវ៖ ក្រោយពេលប្រេសិតពិសេស មកពីប្រទេសជាច្រើន រួមមាន ចិន មេដឹកនាំអាហ្វ្រិក និង តំណាងពិសេស នៃវិមានវ៉ាទីកង់របស់ស្ដេចសង្ឃកាតូលិក បានទទួលបរាជ័យ មិនអាចបញ្ចុះបញ្ចូលដល់ក្រុងមូស្គូ និង ក្រុងកៀវ ឲ្យឈានដល់កិច្ចព្រមព្រៀង ចូលតុចរចាស្វែងរកសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាមនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានចេញមុខ មកអះអាង ថា នៅពេលកងទ័ពការពារទឹកដីរបស់គាត់ ចូលដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀ (Crimea) ទើបអាចចាប់បង្ខំលោក ពូទីន ឲ្យយល់ព្រមចូលតុចរចា។
សារព័ត៌មាន Ukrinform បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍របស់អូស្រ្ដាលី ABC ថា «ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងចង់ចរចា ជាមួយនឹងអ៊ុយក្រែន ខណៈកងទ័ពក្រុងកៀវ ចូលទៅដល់ព្រំដែនរដ្ឋបាលជាប់ជាមួយនឹងឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានកាន់កាប់ជាបណ្ដោះអាសន្ន»។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា «វាជាការពិតណាស់ វោហារសាស្ត្រសមហេតុសមផល នៅពេលនោះ នឹងកើតឡើង ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងចូលទៅដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។ សកម្មភាពបែបនេះ នឹងចាប់បង្ខំឲ្យលោក ពូទីន ស្វែងរកការសន្ទនាគ្នា ជាមួយពិភពអរិយធម៌ មិនដូចអ្វីដែលវាបានកើតឡើង នាពេលកន្លងមកនោះឡើយ ព្រោះការវាយលុកពេញលេញ នៃទាហានរុស្ស៊ី នឹងត្រូវចុះខ្សោយ»។
នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ជាមួយបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN កាលពីពេលមុននោះ លោក ហ្សេឡែនស្គី បានលើកឡើង ថា «គោលដៅចុងក្រោយរបស់អ៊ុយក្រែន ត្រូវតែរំដោះឧបទ្វីបគ្រីមៀ (Crimea) របស់ខ្លួន ត្រឡប់មកវិញ។ យើងមិនអាចស្រមៃមើល សម្រាប់អ៊ុយក្រែន ដោយគ្មានឧបទ្វីបគ្រីមៀ ខណៈស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី នោះឡើយ។ នេះមានន័យតែមួយគត់ គឺសង្រ្គាមនៅមិនទាន់បញ្ចប់នោះឡើយ»៕










