ក្រោយខកខានក្នុងការចេញបទចម្រៀងជាច្រើនខែដោយសារបំពេញតួនាទីជាម្តាយ នៅថ្ងៃទី៧ ខែកក្កដា នេះ ទេព បូព្រឹក្ស បានទម្លាក់បទថ្មីហើយមានចំណងជើងថា «ទេវរាជ» ខណៈបារ៉ូក្នុងបទចម្រៀងនេះត្រូវហ្វេនៗសរសើរថាបង្កប់អត្ថន័យខ្លាំង និងស៊ីជម្រៅ ដោយបានលើកពី៣សម័យកាលធំៗក្នុងប្រវត្តិសាស្រ្តខ្មែរគឺការបង្កើតនិងអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ។
ទន្ទឹមនឹងការទម្លាក់បទថ្មីនៅក្នុង Description នៃបទ «ទេវរាជ» បានបញ្ជាក់ថាបទនេះបានដកស្រង់ចំណុចគោលបីជំនាន់លើព្រឹត្តិការណ៍ធំៗ ក៏ដូចជាការបូកបញ្ចូលគ្នានូវស្មារតីស្នេហាជាតិ និង មានការលាយឡំបញ្ចូលពាក្យកាព្យឃ្លោង ដើម្បីបន្ថែមរសជាតិពាក្យជួន។ អ្វីដែលកាន់តែពិសេសនោះគឺការបង្ហាញនូវឬទ្ធីអំណាចនៃភាពមហស្ចារ្យនៃការផ្សារភ្ជាប់សាច់ឈាមស្រស់ជាមួយនិងអាទិទេព។
បន្ថែមពីលើនេះការបង្កើតស្នាដៃជាស្នាមប្រវត្តិសាស្រ្តគឺជាការដាស់តឿនស្មារតី ទេព បូព្រឹក្ស បានបញ្ជាក់ថា ការស្តាប់ចម្រៀងនឹងអត្ថន័យនេះតែមួយមុខ គឺមិនគ្រប់គ្រាន់ឱ្យយើងយល់ច្បាស់ពី ប្រវត្តិសាស្រ្តនោះឡើយ ចម្រៀងនេះគ្រាន់ជាការដាស់អារម្មណ៍ឱ្យអ្នកបង្កើតចំណូលចិត្តរំលឹកពីបុព្វហេតុស្នាដៃកសាងអាណាចក្រ គួររៀនស្រាវជ្រាវដើម្បីស្វែងយល់បន្ថែមពីដើមកំណើត ពីការធ្វើពិធីផ្សេងៗដែលញាំងអោយអាណាចក្រខ្មែររុងរឿង។
វណ្ណកម្មថ្មីរបស់ ទេព បូព្រឹក្ស ដែលផលិតបទចម្រៀងដោយ ជី ដេវីត នៅក្នុងបទ ទេវរាជ បានលើកពីចំណុចខ្លាំងរបស់ខ្មែរជាពូជចំបាំង សូម្បីតែខ្មាំងក៏បានខ្ចីតួអក្សររបស់ខ្មែរយើងទៅប្រើដែរ។ ក្នុងនោះក៏បានរំលេចពី ភ្លេងពិណពាទ្យ យ័ន្ត អក្សរខ្មែរ វីរភាព អភិនីហារ ព្រមជាមួយការលើកឈ្មោះព្រះនាង លីវ យី ព្រះបាទភវវម៌្មទី២ ដែលជាស្តេចមួយអង្គជោគជ័យក្នុងចម្បាំង ព្រមទាំងឆ្លុះបញ្ចាំងទឹកដីកម្ពុជាក្នុងដើមសម័យចេនឡាធំទូលាយខ្លាំង និងប្រាសាទសំបូរព្រៃគុក រួមទាំងអត្ថន័យជាច្រើនទៀត។
ក្រោយពីទម្លាក់បទថ្មីនេះមក ទេព បូព្រឹក្ស ត្រូវមិត្តរួមអាជីព និងបណ្តាអ្នកគាំទ្រពោលសរសើរថាបទ «ទេវរាជ» បង្កប់អត្ថន័យស៊ីជម្រៅខ្លាំងពួកគេរង់ចាំយូរមិនខកបំណងនោះទេ៕










