Home ព័ត៌មានអន្តរជាតិ ស្រីលង្កានឹងដាក់ពាក្យបណ្តឹង បើថៃយកដំរី២ក្បាលទៀតមកវិញ

ស្រីលង្កានឹងដាក់ពាក្យបណ្តឹង បើថៃយកដំរី២ក្បាលទៀតមកវិញ

118
0

ប្រទេសស្រីលង្កា ៖ លោក Nerancha Waiyaratne ជាមេដឹកនាំគណបក្សប្រឆាំងលើកឡើងថា កាលពី៣៧ឆ្នាំមុន ព្រះមហាក្សត្រថៃបានប្រគល់ដំរីមកឱ្យប្រទេសស្រីលង្កា ដើម្បីធ្វើជាអំណោយដល់វត្ត Sri Dalada Malikawa ហើយបច្ចុប្បន្ននេះ វាមានសុខភាពល្អ ។ លោកថា ប៉ុន្តែមានក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន ដែលធ្វើការផ្នែកសត្វនៅប្រទេសស្រីលង្កា បានផ្សាយព័ត៌មានមិនត្រឹមត្រូវពីដំរីថៃដែលរស់នៅប្រទេសស្រីលង្កា ទៅកាន់រដ្ឋាភិបាលថៃ ។

មេដឹកនាំគណបក្សប្រឆាំងរូបនេះនិយាយថា បើមានការព្យាយាមយកដំរីដែលព្រះមហាក្សត្រថៃបានប្រគល់មកឱ្យស្រីលង្កាត្រឡប់ទៅប្រទេសថៃវិញ ស្រីលង្កានឹងដាក់ពាក្យបណ្តឹងទាមទារសំណងថ្លៃចំណាយលើការថែទាំដំរីរហូតដល់បច្ចុប្បន្ន ។ លោកបន្តថា ដំរីថៃទទួលបានការថែទាំយ៉ាងល្អពីអ្នកបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្របសុពេទ្យ ចាប់តាំងពីស្រីលង្កាបានទទួលដំរីមកចិញ្ចឹមរយៈពេល៣៧ឆ្នាំ ។ យើងបានចំណាយប្រាក់ច្រើនណាស់សម្រាប់ថែទាំវា ហើយការទាមទារដំរីយកទៅវិញនេះ ក៏ខុសនឹងក្រមសីលធម៌ផងដែរ ។ កន្លងមក រដ្ឋមន្ត្រីក្រសួងបរិស្ថានថៃបានថ្លែងថា បើពលរដ្ឋថៃស្នើសុំដំរីពីស្រីលង្កាមកវិញ ខាងក្រសួងបរិស្ថាននឹងចាត់ការបញ្ជូនដំរីនៅសល់ចំនួន២ក្បាលទៀតត្រឡប់មកប្រទេសថៃវិញ ។

លោក Nerancha Waiyaratne លើកឡើងថា ព្រះមហាក្សត្រថៃបានប្រគល់ដំរីមកឱ្យស្រីលង្កា នៅឆ្នាំ១៩៨៦ ដើម្បីថ្វាយវត្ត Sri Dalada Malikawa ។ ដំរីនេះបានដឹកមកប្រទេសស្រីលង្កាតាមរយៈយន្តហោះរបស់អាមេរិក និងទទួលបានការយល់ព្រមពិសេសពីមេដឹកនាំស្រីលង្កានាសម័យនោះ ឈ្មោះ JR Jardine ។

ប្រទេសថៃបានយកដំរីឈ្មោះ «ផ្លាយស័ក្តសុរិន» ត្រឡប់ទៅប្រទេសរបស់ខ្លួនរួចរាល់ហើយ ។ ពេលនេះ អង្គការផ្នែកសត្វកំពុងព្យាយាមទាមទារដំរី២ក្បាលទៀតត្រឡប់ទៅថៃវិញដូចគ្នា ។ វត្តជាច្រើនកន្លែងនៅស្រីលង្កាបានចិញ្ចឹមដំរីសម្រាប់ចូលរួមក្នុងក្បួនដង្ហែរផ្សេងៗ ដែលគេត្រូវការសត្វដំរីជាច្រើនក្បាល ហើយដំរីទទួលបានការចាប់អារម្មណ៍ពីអ្នកស្រុក និងភ្ញៀវទេសចរផងដែរ ។

បើតាមប្រទេសថៃលើកឡើងថា ដំរីរបស់ថៃដែលបានប្រគល់ឱ្យស្រីលង្កាមិនទទួលបានការថែទាំទេ ខណៈគេប្រើវាឱ្យធ្វើការងារធ្ងន់ រហូតដល់មានស្នាមដំបៅនៅលើខ្លួន ។ ហេតុនេះ ប្រទេសថៃបានយកដំរីឈ្មោះ «ផ្លាយស័ក្តសុរិន» ត្រឡប់មកប្រទេសកំណើតវិញ ដើម្បីថែទាំវាឱ្យបានដិតដល់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji9VNGnpBcDO-323EowDqEzaKy2nSBT245kFzVO8wy0byFfLgbNm9ORFhNW1PVRAXPaMY_GBa_D3G9wDduA6QjBqIc9w5y2mniUp2uLpcKJf3hIOU6P8UAvwFvsJQPSWuu32TZ_QeigjPfOLLaIbGFeGXdKhORLvAYTD7qsLfDnUXD3hIAkx2eXldKZQw/s768/photo_2023-07-07_14-05-38.jpg ប្រភព ៖ Chiang Mai News