ហេតុតែមានឈាមជ័រអ្នកសិល្បៈប្អូនស្រីរបស់អ្នកនាង ផន សុផារី ឈ្មោះ ផន សុគន្ធធីរ៉ា កំពុងធ្វើឱ្យមហាជនស្ងើចសរសើរយ៉ាងខ្លាំងដល់ក្មេងស្រីរូបនេះដែលអាចច្រៀងបានយ៉ាងពីរោះ ខណៈ Cover បទ «Gone» របស់ Rosé សមាជិក BLACKPINK បានយ៉ាងឡូយ។
ប្រិយមិត្តមួយចំនួនជ្រាបមកហើយក្រុមគ្រួសាររបស់អតីតតួឯកល្ខោន អ្នកនាង ផន សុផារី សុទ្ធសឹងតែមានដុងខាងវិស័យសិល្បៈ ជាក់ស្តែងថ្មីៗនេះ ប្អូនស្រីរបស់អ្នកម៉ាក់អ៊ែលលី គឺ ផន សុគន្ធធីរ៉ា បានបង្ហាញសមត្ថភាពច្រៀងនៅក្នុងការliveធ្វើឱ្យមហាជនពោលសរសើរមិនដាច់ពីមាត់ថាប្អូនស្រីអ្នកនាង ផន សុផារី ច្រៀងពីរោះមានដុងសិល្បៈមិនខុសពីបងស្រី។
មិនត្រឹមតែអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងពីរោះទេ តែ សុគន្ធធីរ៉ា បានCover បទ «Gone» របស់ Rosé សមាជិក BLACKPINK ជាភាសាអង់គ្លេសបានយ៉ាងឡូយ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងស្រដៀងៗគ្នាថា ធីរ៉ា ច្រៀងពីរោះណាស់ ខណៈបទនេះដែល ធីរ៉ា Cover បង្ហោះលើបណ្តាញសង្គមទិកតុកមានអ្នកទស្សនាជិតកន្លះលានដងឯណោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។
គួរបញ្ជាក់ផងដែរថា ឪពុកម្ដាយរបស់អ្នកនាងផន សុផារី គឺជាអ្នកល្ខោនបាសាក់ដ៏ល្បីប្រចាំប្រទេសមានឈ្មោះថា ភីសុគន្ធី ដូច្នេះទើបកូនៗមានឈាមជ័រសិល្បៈមិនធម្មតា៕










