ស្រកានាគ គឺជាដំណាំមួយប្រភេទងាយស្រួលដាំដុះជាមួយសណ្ឋានដីស្ទើរទាំងអស់ និងឆាប់ធំលូតលាស់ ។ លើសពីនេះ វាអាចធន់នឹងភាពរាំងស្ងួត និងធំលូតលាស់ល្អនៅក្នុងដីមានសារធាតុសរីរាង្គខ្ពស់ និងមានប្រព័ន្ធទឹកស្រោចស្រពសមស្រប ។ វានឹងចេញផ្លែផ្កាក្រោយពីការកាត់មែករយៈពេលពី៨ខែ ទៅ១០ខែ ។
វិធីដាំដុះដើមស្រកានាគ ៖
១-ត្រូវត្រៀមផ្ទៃដីដាំដុះ និងពង្រាបដីឱ្យស្មើគ្នា
២-ធ្វើបង្គោលឱ្យដើមស្រកានាគតោង ដោយយើងអាចយកបង្គោលថ្ម ឬបង្គោលឈើរឹងមាំល្អ ហើយបង្គោលនេះត្រូវមានកម្ពស់ចាប់ពី១,៥ម៉ែត្រ ទៅ២ម៉ែត្រ ។ ផ្នែកខាងលើបង្គោល ត្រូវធ្វើជាធ្នើរដើម្បីឱ្យមែកស្រកានាគដុះរាយប៉ាយ ។ រីឯការដាំស្រកានាគ គឺត្រូវមានគម្លាតគ្នាពីបង្គោលចំនួន៣ម៉ែត្រ
៣-ជីករណ្តៅចំនួន៤នៅជុំវិញបង្គោល ហើយរណ្តៅនីមួយៗមានជម្រៅប្រមាណ៣០សង់ទីម៉ែត្រ បន្ទាប់មក ត្រូវដាក់ជីចូលក្នុងរណ្តៅទាំងនោះ
៤-យកមែកស្រកានាគមកដាំចំនួន១មែកក្នុង១រណ្តៅ
៥-ស្រោចទឹកឱ្យបានជាប្រចាំ និងគួរប្រើប្រាស់ចំបើង ឬយកស្មៅស្ងួតមកគ្របពីលើដីដើម្បីឱ្យដីមានសំណើម ។ បន្ទាប់មក យើងត្រូវដាក់ជីសរីរាង្គបន្ថែមសារធាតុចិញ្ចឹមដល់ដើមរបស់វា ។ នៅក្រោយពេលប្រមូលផល គួរដាក់ជីបន្ថែមទៀតសម្រាប់ផ្តល់សារធាតុចិញ្ចឹមដើមស្រកានាគ ។
មូលហេតុធ្វើឱ្យដើមស្រកានាគមានជំងឺ គឺដោយសារយើងស្រោចទឹកច្រើនពេក ។ ហេតុនេះ គួរស្រោចទឹកក្នុងបរិមាណសមស្រប និងអាចជីកដីមើល បើឃើញដីមានសំណើមហើយ យើងមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកទេ ។ ម្យ៉ាងទៀត បើដើមរបស់វាកើតជំងឺ យើងត្រូវកាត់ដើមស្អុយចេញ រួចយកកំបោរក្រហម (កំបោរស្លា) មកលាបពីលើដំបៅ ឬលាបថ្នាំការពារមេរោគក៏បាន ។ ចំណែកសត្រូវធំបំផុតរបស់ដើមស្រកានាគ គឺស្រមោចភ្លើងស៊ីត្រួយរបស់វា ។ ដូច្នេះ យើងអាចប្រើប្រាស់ថ្នាំសម្លា.ប់ស្រមោច ឬថ្នាំបាញ់មូសនៅបរិវេណសំបុកស្រមោច ។
គួរបញ្ជាក់ថា ផ្លែស្រកានាគសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលជំនួយដល់ប្រព័ន្ធរំលាយអាហារ ។ លើសពីនេះ វាមានជាតិដែក, កាត់បន្ថយភាពស្លេកស្លាំង, ផ្តល់នូវវីតាមីន B1 B2 B3, វីតាមីន C, ផូស្វ័រ ប្រូតេអ៊ីន និងកាល់ស្យូម ។ ផ្លែស្រកានាគមានគុណសម្បត្តិជួយការពារជំងឺបេះដូង, លើសឈាម, ថ្លើម, ទឹកនោមផ្អែម និងមហារីកពោះវៀនធំ ៕ ប្រភព ៖ Kaset Go