ទីបំផុតពាក្យចចាមអារ៉ាមស្នេហារវាងតារាចម្រៀង វណ្ណដា និងស្រីស្អាត ឡូរីន បានក្លាយជាការពិតហើយក្រោយពីតារាប្រុសរូបនេះហ៊ានទម្លាយរូបថតជាគូជាមួយគ្នាបង្ហោះនៅStory Facebook ផ្អើលទាំងល្ងាចតែម្តង ខណៈរូបភាពដែល វណ្ណដា បង្ហោះបិទម៉ាស់ជាប់ដៃមនុស្សស្រី និងជាប់សក់ អ្នកគាំទ្រសន្និដ្ឋានថាក៏ជាស្រីស្អាតឡូរីនដែរ។
ដូចមហាជនជ្រាបមកហើយថាកន្លងមកនេះពាក្យចចាមអារ៉ាមស្នេហាតារាចម្រៀង ម៉ាន់ វណ្ណដា និង ស្រីស្អាត ឡូរីន មានស្រុកកំណើតនៅខេត្តព្រះសីហនុដូចគ្នា ផ្ទុះកក្រើកយ៉ាងខ្លាំង ខណៈគេចាប់បានដំរួយជាច្រើនដែលពួកគេបណ្តើរគ្នានៅតាមទីផ្សារសាធារណៈរួមទាំងនៅក្នុងផ្សារទំនើបជាដើម។
ទីបំផុតគ្រប់យ៉ាងបានក្លាយជាការពិតហើយទោះបីជាមិននិយាយពេញមាត់ថាជាគូស្នេហ៍ តែនៅល្ងាចថ្ងៃទី២៧ ខែមិថុនា នេះ វណ្ណដា បានបង្ហោះ Story រូបភាពគូជាមួយស្រីស្អាត ឡូរីន បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងទាំងល្ងាចតែម្តង។ ជាមួយការបង្ហោះ Story ជាមួយ ឡូរីន វណ្ណដា ក៏បានបង្ហោះរូបភាព២សន្លឹកបិទម៉ាស់ផងដែរនៅលើបណ្តាញសង្គមដែលជាប់ដៃមនុស្សស្រី និងរូបភាពគេងកើយទ្រូង ហើយហ្វេនៗក៏សន្និដ្ឋានថានារីក្នុងរូបនោះក៏ជា ឡូរីន ដូចគ្នា។
រូបភាពទាំងអស់នេះហើយបញ្ជាក់យ៉ាងច្បាស់ថា ពួកគេទាំងពីរនាក់ពិតជាផ្តើមស្នេហ៍ជាមួយគ្នាពិតមែន ដោយអ្នកគាំទ្រខ្លះបង្ហាញការសប្បាយចិត្ត និងអ្នកខ្លះទៀតសម្តែងអារម្មណ៍ឈឺចិត្តស្អិតទ្រូងក្នុងន័យលេងសើចផងដែរ ពេលឃើញអាយដលរបស់ខ្លួនមានស្នេហា។ ចំណែកឯគូស្នេហ៍ថ្មីរបស់ វណ្ណដា រូបនេះក៏ទទួលបានការគាំទ្រពីសំណាក់ហ្វេនៗដូចគ្នាព្រោះនាងមិនត្រឹមតែមានសម្រស់ស្អាតទេថែមទាំងចេះធ្វើម្ហូបបានយ៉ាងជំនាញដែលជាចំណុចមួយ វណ្ណដា ធ្លាប់បាននិយាយថាចង់បានគូអនាគតពូកែធ្វើម្ហូប៕










