រាជធានីប្រ៊ុចសែលស៍៖ រហូតមកដល់ពេលនេះ ស្ចិមលោក កំពុងតែវាយតម្លៃ អំពីស្ថានការណ៍វិវឌ្ឍចុងក្រោយបំផុត នៅរុស្ស៊ី និង បេឡារុស ក្រោយការផ្ទុះឡើងនូវព្រឹត្ដិការណ៍បះបោរប្រដាប់អាវុធរបស់កម្លាំងទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ហើយបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូ បានចាប់យកឱកាសនេះ ផ្ដល់ជំនួយយោធាបន្ថែមទៀតជួយដល់ប្រទេសអ៊ុយក្រែន ស្របពេលមន្រ្ដីជាន់ខ្ពស់អឺរ៉ុប អះអាងពីកូនចៅបកខាំពូទីន វិញ។
សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក ចូសេហ្វ ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ ថា «វាពិតជារឿងចម្លែកខ្លាំងណាស់ នៅត្រង់ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបង្កើតក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់រុស្ស៊ី។ ប៉ុន្ដែកម្លាំងទាហាន Wagner ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន កំពុងតែងាកមកខាំគាត់វិញ។ កម្លាំងទាហានស៊ីឈ្នួលទាំងនេះ បានធ្វើសកម្មភាព បកក្បាលប្រឆាំងនឹង ពូទីន ជាអ្នកបង្កើត»។
លោក ចូសេហ្វ ប័ររ៉ែល បានប្រាប់ដល់អ្នកកាសែត នៅក្នុងប្រទេសលូហ្សាំបួរ (Luxembourg) ស្របគាត់ទើបមកដល់ សម្រាប់ការចូលរួមកិច្ចប្រជុំ ជាមួយនឹងក្រុមរដ្ឋមន្រ្ដីរបស់សហភាពអឺរ៉ុប ទាំង២៧ប្រទេស ថា «ប្រព័ន្ធនយោបាយរបស់រុស្ស៊ី កំពុងតែបង្ហាញ អំពីភាពផុយស្រួយ ហើយកំពុងតែបង្ហាញ អំពីសញ្ញាប្រេះឆា។ ប៉ុន្ដែនេះជារឿងមិនល្អមើលទាល់តែសោះ ចំពោះមហាអំណាចនុយក្លេអ៊ែររបស់រុស្ស៊ី ឈានដល់ដំណាក់កាលបែបនេះ។ ប៉ុន្ដែវាជាឱកាសមួយ សម្រាប់សហភាពអឺរ៉ុប បង្កើនជំនួយបន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន»។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «ព្រឹត្តិការណ៍ កាលពីចុងសប្តាហ៍មុននេះ ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី។ ប៉ុន្ដែវាជាសញ្ញាមួយផ្សេងទៀត បង្ហាញ អំពីកំហុសឆ្គងដ៏ធំបំផុតខាងយុទ្ធសាស្រ្ត ក្រោយការសម្រេចចិត្តរបស់លោកប្រធានាធិបតី ពូទីន បានដាក់បញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ដោយខុសច្បាប់ ជាទឹកដីរបស់រុស្ស៊ី នៅឆ្នាំ២០១៤ និង ការធ្វើសង្រ្គាមលុកលុយទៅលើប្រទេសអ៊ុយក្រែន។ រីឯបណ្ដាប្រទេសជាសម្ពន្ធមិត្ត ក៏កំពុងតែតាមដានស្ថានការណ៍ថ្មីៗបន្ថែមទៀត នៅក្នុងប្រទេសបេឡារុស។ ស្របគ្នានេះ សម្ពន្ធមិត្តណាតូ បានធានាសម្រាប់ការផ្គត់ផ្គង់ជំនួយយោធាបន្ដទៀត ជួយដល់ប្រទេសអ៊ុយក្រែន។
លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានថ្លែងទៅកាន់សមាជិកសភារបស់ចក្រអង់គ្លេស ថា ក្រុងឡុងដ៍ បានផ្គត់ផ្គង់មីស៊ីលបាញ់ រយៈចម្ងាយឆ្ងាយ ប្រភេទStorm Shadow (ស្ដមសាដូ) ទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែមីស៊ីលទាំងនេះ កំពុងតែមានប្រសិទ្ធភាពដ៏ខ្លាំងបំផុត នៅលើសមរភូមិវាយប្រយុទ្ធគ្នា រវាងរុស្ស៊ី និង អ៊ុយក្រែន។
ជាមួយគ្នានេះដែរ ក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេសសហភាពអឺរ៉ុប បានអះអាង ថា ការបះបោរមិនជោគជ័យរបស់កម្លាំងទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍មុន កំពុងតែបង្ហាញសញ្ញាអស្ថិរភាព នៅក្នុងប្រទេសរុស្ស៊ី។ ព្រឹត្ដិការណ៍ ក៏កំពុងតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសមហាអំណាចយោធានុយក្លេអ៊ែរមួយនេះយ៉ាងខ្លាំង៕










