ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែមិថុនា កន្លងមក គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសថៃ បានប្រកាសទទួលសមាជិកសភាតំណាងរាស្ត្រចំនួន៥០០នាក់ ហើយគេសង្កេតឃើញថា ក្នុងថ្ងៃដដែលនេះ លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើដំណើរមកបំពេញការងាររបស់លោកនៅវិមានរដ្ឋាភិបាល ប្រកបដោយបរិយាកាសស្ងៀមស្ងាត់ ។
តាមសេចក្តីរាយការណ៍ព័ត៌មានពីវិមានរដ្ឋាភិបាលឱ្យដឹងថា នៅអគារទីបញ្ជាការធំដែលមានការិយាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប្រចាំការិយាល័យនាយករដ្ឋមន្ត្រី នៅពេលមុននេះ ក៏មានការប្រមូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនចេញផងដែរ ។ ប៉ុន្តែនៅការិយាល័យធ្វើការរបស់លោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី ដែលបានយកត្រីនាគមកចិញ្ចឹមនោះ គេរាយការណ៍ថា មិនទាន់បានរើចេញទេ ។
ក្នុងវិមានរដ្ឋាភិបាល គ្មានសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនច្រើនទេ ចំណែកព្រះពុទ្ធរូបដែលលោក ប្រាយុទ្ធ ចាន់អូចា តម្កល់សម្រាប់គោរពបូជាក្នុងការិយាល័យធ្វើការរបស់លោកនោះ គេបានដឹកជញ្ជូនទៅកាន់លំនៅឋានរបស់លោករួចរាល់ហើយ ។ រីឯឯកសារសំខាន់ផ្សេងៗដែលមិនប្រើប្រាស់ត្រូវបានគេកម្ទេចចោល ខណៈគេប្រមូលទុកឯកសារខ្លះទៀត ដើម្បីត្រៀមប្រគល់ការិយាល័យធ្វើការទៅឱ្យនាយករដ្ឋមន្ត្រីថ្មី ។![]()
គេរាយការណ៍ទៀតថា លោក ប្រាយុទ្ធ ចាន់អូចា នៅតែធ្វើការងារបន្តទៀតរហូតដល់គណៈរដ្ឋមន្ត្រីថ្មីចូលមកបំពេញតួនាទីជាផ្លូវការ ។ ការប្រមូលសម្ភារៈចេញក្រៅការិយាល័យនេះ ក្រោយពីមានសេចក្តីរាយការណ៍ថា លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីបានប្រកាសកំណត់ពេលវេលាឱ្យកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជ្រាបថា នឹងមានការជ្រើសរើសប្រធានសភានៅថ្ងៃទី១៣ ខែកក្កដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕ ប្រភព ៖ sanook










