ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែមិថុនា កន្លងមក រដ្ឋាភិបាលថៃបានជូនដំណឹងទៅកាន់ពលរដ្ឋថា ត្រូវត្រៀមខ្លួនទប់ស្កាត់នឹងបាតុភូតអេលនីណូដែលនឹងកើតមានឡើងនៅខែកក្កដា ឆ្នាំ២០២៣ ។ បាតុភូតនេះនឹងបង្កឱ្យភ្លៀងធ្លាក់តិចជាងមុន មានគ្រោះរាំងស្ងួត សីតុណ្ហភាពកើនឡើង និងធ្វើឱ្យទិន្នផលដំណាំកសិកម្មខូចខាតផងដែរ ។
លោក ស៊ុមផន អាយុ៤១ឆ្នាំ ជាកសិករធ្វើស្រែម្នាក់រស់នៅស្រុកផិម៉ាយ ខេត្តនគរាជសីម៉ា រៀបរាប់ថា នៅឆ្នាំ២០២៣ នេះ លោកបានចំណាយដើមទុនទិញស្រូវពូជផ្កាម្លិះមកដាំដុះនៅលើផ្ទៃដីចំនួន៣រ៉ៃ ហើយបច្ចុប្បន្ន វាបានដុះលូតលាស់ជាបណ្តើរៗហើយ ។ ប៉ុន្តែលោកក៏ចាប់ផ្តើមជួបបញ្ហាគ្មានភ្លៀងធ្លាក់ ដែលបណ្តាលឱ្យដើមស្រូវដែលបានដាំដុះទាំងអស់ខ្វះខាតទឹកជាខ្លាំង ដោយសារក្នុងស្រែរបស់លោកគ្មានទឹកហូរឆ្លងកាត់ទេ ។ លោកបន្តថា លោកមានតែរង់ចាំឱ្យទឹកភ្លៀងធ្លាក់មកតាមរដូវកាលប៉ុណ្ណោះ ហើយប្រសិនបើរយៈពេល១ខែ ទៅ២ខែទៀត នៅតែគ្មានភ្លៀងធ្លាក់នោះ វានឹងធ្វើឱ្យដំណាំស្រូវទាំងអស់របស់លោកខូចខាតជាមិនខាន ។
លោក ស៊ុមផន បន្ថែមទៀតថា លោកក៏មិនបានដាក់ផែនការទប់ស្កាត់នឹងគ្រោះរាំងស្ងួតទេ ពីព្រោះកាលពីប៉ុន្មានឆ្នាំកន្លងមក គ្មានបញ្ហាគ្រោះរាំងស្ងួតទេ ហើយនៅស្រុករបស់លោកតែងមានភ្លៀងធ្លាក់គ្រប់រដូវ ។ ប៉ុន្តែនៅឆ្នាំ២០២៣ នេះ ក្រោយពីរដ្ឋាភិបាលបានប្រកាសប្រាប់កសិករឱ្យត្រៀមខ្លួនទប់ស្កាត់បាតុភូតអេលនីណូ ឬគ្មានភ្លៀងធ្លាក់នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣ លោកក៏មានកង្វល់ជាខ្លាំង ហើយខ្លាចថា សំណាបរបស់លោកនឹងងា.ប់ទាំងអស់ ។ ម្យ៉ាងទៀត លោកមិនដឹងថា ត្រូវបូមទឹកពីណាមកដាក់ក្នុងស្រែទេ ព្រោះស្រែរបស់លោកគ្មានប្រភពទឹក ។ ហេតុនេះ មានតែបណ្តោយឱ្យសំណាបងា.ប់ប៉ុណ្ណោះ ៕
ប្រភព ៖ News Work Point










