បរទេស៖ អ្នកវិទ្យាសាស្រ្តបានរកឃើញកប៉ាល់ដែលត្រូវបានលិចកាលពី ៣,០០០ ឆ្នាំមុននៅក្នុងឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៃប្រទេសក្រូអាស៊ី។
យោងតាមប្រភពព័ត៌មាន Ancient Origins ដែលបានរាយការណ៍កាលពីថ្ងៃទី ១៦ ខែមិថុនា ថា កប៉ាល់ដែលចំណាស់ជាងគេបំផុតនៅក្នុងសមុទ្រមេឌីទែរ៉ាណេដែលមានអាយុកាលតាំងពីសតវត្សទី ១០ ដល់ទី ១២ មុនគ.ស ត្រូវបានគេដាក់ឈ្មោះថាកប៉ាល់ Zambratija។ កប៉ាល់នេះមានប្រវែងប្រហែល ១២ ម៉ែត្រ ធ្វើពីឈើជាច្រើនដុំ ដែលត្រូវបានដេរយ៉ាងប្រណិត រួមជាមួយនឹងខ្សែស្រឡាយដែលអាចបត់បែនបាន។
Zambratija គឺជាកប៉ាល់ដ៏កម្រមួយដែលត្រូវបានសាងសង់ឡើងដោយជនជាតិបុរាណរបស់ Istria និង Dalmatia បច្ចេកទេសដ៏អស្ចារ្យនៃការសាងសង់កប៉ាល់នេះត្រូវបានជនជាតិបុរាណដេរដោយផ្ទាល់ដៃមុនពេលម្ជុលដែកត្រូវបានបង្កើត។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) របស់ប្រទេសបារាំង។
ការរកឃើញបំណែកជាច្រើននៃកប៉ាល់នេះ ក៏ត្រូវបានអ្នកវិទ្យាសាស្ត្រគ្រោងនឹងយកទៅទីក្រុង Grenoble ប្រទេសបារាំង ដើម្បីធ្វើការជួសជុលឡើងវិញ នឹងបង្កើតកប៉ាល់ឡើងវិញជា 3D។ អ្នកជំនាញក៏សង្ឃឹមទៀតថា នៅពេលដែលបានស្ដារឡើងវិញទាំងស្រុង Zambratija នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងតំបន់ Pula, Istria នៅក្នុងសារមន្ទីរដែលឧទ្ទិសដល់បេតិកភណ្ឌសមុទ្រ៕
ប្រភព៖vnexpress










