អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southern Denmark បានណែនាំឱ្យមនុស្សនៅលើពិភពលោកងាកមកជិះកង់ជាចម្បង ក្នុងករណីទៅកន្លែងជិតៗក្នុងចម្ងាយផ្លូវត្រឹម៣គីឡូម៉ែត្រ ។ ការជិះកង់អាចជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចំនួន៦៨៦លានតោន ដែលបណ្តាលមកពីការបើកបរយានជំនិះផ្សេងៗ និងជាមូលហេតុចម្បងធ្វើឱ្យពិភពលោកក្តៅ ។
ទស្សនាវដ្តី Communications Earth and Environment បានចុះផ្សាយការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Southern Denmark ថា បើមនុស្សនៅលើពិភពលោកនាំគ្នាជិះកង់ជំនួសការបើកបររថយន្ត វានឹងជួយកាត់បន្ថយការបំភាយកាបូន គឺស្មើគ្នានឹងចំនួនកាបូនដែលប្រទេសអូស្ត្រាលី ឬអង់គ្លេស បានបំភាយកាបូនរយៈពេល១ឆ្នាំ ។
ក្រៅពីជួយដល់ពិភពលោកហើយ ការជិះកង់ក៏ល្អសម្រាប់សុខភាពផងដែរ ព្រោះការជិះកង់ជាការហាត់ប្រាណមួយ ។ ការស្រាវជ្រាវនេះបង្ហាញទៀតថា អ្នកជិះកង់រាល់ថ្ងៃនឹងប្រឈមជំងឺមហារីក និងជំងឺបេះដូង តិចជាងមនុស្សទូទៅ ហើយវានឹងជួយកាត់បន្ថយជំងឺគាំងបេះដូងរហូតដល់៤៦% ។ ប៉ុន្តែបច្ចុប្បន្ននេះ ចំនួនអ្នកជិះកង់ជាចម្បងមានត្រឹមតែ៥% ប៉ុណ្ណោះក្នុងចំណោមមនុស្សទាំងអស់នៅលើពិភពលោក ហើយវាជាចំនួនតិចតួចបំផុត ។
បើមនុស្សទាំងអស់នាំគ្នាជិះកង់ទៅកាន់កន្លែងជិតៗ វានឹងល្អបំផុតសម្រាប់ពិភពលោករបស់យើង ។ ប៉ុន្តែកត្តាសំខាន់ត្រូវមានការគាំទ្រពីរដ្ឋាភិបាលផងដែរដូចជា ការសាងសង់ផ្លូវមានសុវត្ថិភាព និងមានកន្លែងម្លប់ដើម្បីការពារកំដៅថ្ងៃសម្រាប់អ្នកជិះកង់ផងដែរ ។ ហេតុនេះ ប្រទេសមានអាកាសធាតុត្រជាក់គួរធ្វើជាគំរូឱ្យពលរដ្ឋរបស់ខ្លួនជិះកង់ ចំណែកប្រទេសមានអាកាសធាតុក្តៅជាងតំបន់អឺរ៉ុបវិញ អាចនឹងរង់ចាំរយៈពេលយូរទៀត ព្រោះបើឱ្យពលរដ្ឋជិះកង់ទៅធ្វើការនោះ ពួកគេនឹងត្រូវងូតទឹកម្តងទៀតទើបចូលធ្វើការបាន ។ ប៉ុន្តែពលរដ្ឋរស់នៅប្រទេសក្តៅអាចជិះកង់ទៅផ្សារនៅជិតផ្ទះរបស់ខ្លួន ៕ ប្រភព ៖ environman










