រាជធានីបាងកក៖ គណបក្សឆ្ពោះទៅមុខ បានឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ហើយឥឡូវនេះ បានរួចផុត ពីការប្រឈមមុខនឹងញត្ដិជាច្រើន ទាមទារឲ្យរំលាយចោលគណបក្សឈ្នះឆ្នោតមួយនេះចោល ក្រោយពេលគណៈកម្មាធិការរៀបចំបោះឆ្នោត បានច្រានចោលញត្ដិទាំងនោះ ហើយវាជាពន្លឺថ្មីមួយ សម្រាប់មេដឹកនាំគណបក្សប្រឆាំងមួយនេះ ឈានទៅកាន់តំណែងនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ។
សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា ការស្វះស្វែងរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ដើម្បីក្លាយជានាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ បានបោះជំហានមុខ ខិតកាន់តែជិត ក្រោយពេលប្រធាន នៃកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ទូរទស្សន៍ iTV បានថ្លែង កាលពីពេលថ្មីៗនេះ ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន កំពុងតែមិនប្រតិបត្ដិការ ដោយអាស្រ័យលើករណីផ្លូវច្បាប់។
ផ្អែកលើលទ្ធផលនេះ លោក ភីថា ប្រធានគណបក្សឆ្ពោះទៅមុខ អាចរួចផុតពីជម្លោះតាមផ្លូវច្បាប់ ដែលអាចនាំឱ្យគាត់ ត្រូវបានបាត់បង់សិទ្ធិ ជាសមាជិកសភា ប្រសិនបើករណីនេះ ត្រូវបានបង្ហាញ ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបានបិទ។ បណ្ដាញទូរទស្សន៍ iTV បានត្រលប់មកចាប់អារម្មណ៍ឡើងវិញ ក្រោយពេលវីដេអូ ដែលបានថត នៅក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ កាលពីថ្ងៃទី២៦ ខែមេសា ផ្ទុយនឹងកំណត់ហេតុផ្លូវការ។ ឃ្លីបវីដេអូដែលបានថត ដោយម្ចាស់ភាគហ៊ុន ត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីយប់ ថ្ងៃអាទិត្យ។
នៅក្នុងឃ្លីបវីដេអូនោះ មានម្ចាស់ភាគហ៊ុនម្នាក់ បានសួរ ថា «តើ iTV នៅតែដំណើរការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដែរឬទេ? ខណៈនោះនាយកប្រតិបត្តិ លោក គីម ស៊ីរីតាវ៉ីឆៃ (Kim Siritaweechai) ជាប្រធានកិច្ចប្រជុំ បានឆ្លើយតប ថា «រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនបានធ្វើអ្វីទាំងអស់ ព្រោះក្រុមហ៊ុន ត្រូវតែរង់ចាំ សម្រាប់ករណីផ្លូវច្បាប់ សម្រាប់ការបិទបញ្ចប់»។
រឿងដ៏ចម្រូងចម្រាសនេះ បានរីករាលដាលឡើង នៅជុំវិញការប៉ុនប៉ង ធ្វើឱ្យទូរទស្សន៍ iTV រស់ឡើងវិញ ដើម្បីរារាំងដល់លោក ភីថា មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី តាមរយៈការកាន់កាប់ភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
លោក អ៊ីតធីផន ប៊ូប្រាកុង (Ittiporn Boonpracong) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ EC បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ទីភ្នាក់ងារបោះឆ្នោត កំពុងតែពិនិត្យមើលរួចហើយ ថាតើលោក ភីថា បានរំលោភលើមាត្រាទី១៥១ នៃអង្គច្បាប់ ស្ដីពីការបោះឆ្នោតសមាជិកសភាដែរឬអត់។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា បានច្រានចោលបណ្ដឹងទាំងអស់ ពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ប្រឆាំងនឹងលោក ភីថា ប្រធានគណបក្សឆ្ពោះទៅមុខ។ ប៉ុន្តែគណៈកម្មាធិការនេះ នឹងស៊ើបអង្កេត ថាតើលោក ភីថា បានដាក់ពាក្យ ធ្វើជាបេក្ខជនសមាជិកសភា នៅក្នុងបញ្ជីតំណាងរាស្រ្ដ ដោយដឹងថា គាត់ប្រហែលជាមិនមានសិទ្ធិ។
ករណីនោះ ត្រូវបានចាត់ទុកជារំលោភ លើមាត្រាទី៤២ និង មាត្រាទី១៥១ នៃអង្គច្បាប់ ស្តីពីការបោះឆ្នោតសមាជិកសភា។ ប្រសិនបើរកឃើញ ថា មានទោសកំហុសប្រាកដមែន លោក ភីថា អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ ជាមួយនឹងការពិន័យជាប្រាក់ ចន្លោះពី ២០ ០០០បាត ទៅ ២០០ ០០០បាត (លុយថៃ) ឬស្មើនឹងប្រហែល ចន្លោះពី៥៧៧ ទៅ ៥៧៧០ដុល្លារអាមេរិក ហើយហាមឃាត់ចូលរួម នៅក្នុងការបោះឆ្នោត រយៈពេលដល់២០ឆ្នាំ។
ប្រភពមួយ បានអះអាង កាលពីថ្ងៃអាទិត្យ ថា ញត្ដិថ្មីៗនេះ ចំនួន ៤ បានស្នើឲ្យរំលាយចោលគណបក្សឆ្ពោះទៅមុខ ប៉ុន្ដែគណៈកម្មាធិការរៀបចំបោះឆ្នោត បានទាត់ចោល។ សកម្មភាពបែបនេះ បានកើតឡើង ស្របពេលសម្ពន្ធភាព ចំនួន៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ កំពុងតែរៀបចំខ្លួន សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី។
ក្រោមច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសថៃ ត្រូវបានតាក់តែងឡើង ដោយពួកយោធា ក្រោយអំពើរដ្ឋប្រហារចុងក្រោយនេះ បានហាមឃាត់ដល់បុគ្គល កាន់កាប់បណ្ដាញផ្សព្វផ្សាយ ឈរឈ្មោះ សម្រាប់ការកាន់កាប់តំណែងជាសមាជិកសភា និង នាយករដ្ឋមន្រ្ដី។ ប៉ុន្ដែករណីនេះ លោក ភីថា បានបញ្ជាក់ កាលពីពេលថ្មីៗនេះ ថា ភាគហ៊ុនរបស់គាត់ នៅក្នុងក្រុមហ៊ុនបណ្ដាញទូរទស្សន៍ iTV ត្រូវបានប្រគល់ ទៅសាច់ញាតិគ្រប់គ្រង។ បញ្ហានេះ មិនអាចរារាំងគាត់ ក្លាយជាសមាជិកសភា និង ជាឧបសគ្គ នៅក្នុងការបង្កើតរដ្ឋាភិបាល នោះឡើយ៕










