ក្រោយពីមានការរិះគន់ពីអ្នកលេងបណ្តាញសង្គមខ្លាំងក្លាទៅការបង្ហោះបុរសម្នាក់លួចទំពាំង ពេលនេះម្ចាស់ចម្ការ និងជាម្ចាស់ទំពាំងបានចេញវីដេអូបញ្ចប់រឿងដោយមិនវែកញែករកអ្នកខុស អ្នកត្រូវ។ ក្នុងនោះអ្នកស្រីក៏បានបញ្ជាក់ថា ហេតុផលដែលមានការបង្ហោះនោះដោយសារតែសោកស្តាយរបស់ព្រោះអ្វីដែលខ្លួនខិតខំដាំចេញជាលទ្ធផលនិងសង្ឃឹមថាបានប្រាក់ត្រឡប់មកវិញត្រូវចោរលួចយកបាត់ទៅ។ អ្នកស្រីក៏បានបន្ថែមថា គាត់មិនចិត្តចង្អៀតអ្វីនោះដែរបើសិនជាសុំត្រឹមត្រូវនោះ។
រឿងទំពាំង ក្លាយជាប្រធានបទជជែកវែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលបានកើតឡើងនៅចម្ការមួយកន្លែងស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបុរសជាអ្នកលួចនោះមានអាយុ២៧ឆ្នាំ។ ដោយសារតែមានការរិះគន់ដល់ខ្លួនយ៉ាងច្រើនលើសលុប នៅថ្ងៃទី៩ ខែមិថុនា អ្នកស្រីជាម្ចាស់ចំការបានចេញវីដេអូមកបញ្ជាក់ជូនមហាជន និងមកបញ្ចប់រឿងនេះដោយមិនវែកញែករកអ្នកខុសអ្នកត្រូវ។
អ្នកស្រីជាម្ចាស់ចម្ការ បានឱ្យដឹងថា ខ្លួនបានដំណាំរយៈពេល៥ឆ្នាំមកហើយមិនទាន់បានផលនោះទេ ដោយសារតែបានផលហើយចោរលួចជាហូរហែ អ្វីដែលខ្លួនខំធ្វើព្រោះចង់បានចំណូលមកវិញដូចគ្នា ដោយសារតែមានចិត្តខឹងចិត្តក្តៅ គេមានកម្លាំងមាំមួនបែរជាលួចចូលធ្វើឱ្យខូចខាតរបងហើយត្រូវជុសជុលវិញខ្លួនឯងទៀតទើបមានការបង្ហោះ។
បន្ថែមពីលើនេះអ្នកស្រីបានបញ្ជាក់ទៀតថា បើសិនជាចូលចម្ការគាត់ហើយមានការសុំត្រឹមត្រូវនោះ អ្នកស្រីមិនចិត្តចង្អៀតនោះទេ ហើយរឿងនេះពួកគាត់ទាំងពីរនាក់ក៏បានសូមទោស និងធ្វើកិច្ចសន្យាបញ្ចប់រឿងរួចរាល់ហើយ៕










