បន្ទាប់ពីស្ថិតនៅក្នុងភាពជាបព្វជិតអស់ ៣១ឆ្នាំមក ភិក្ខុវជិរប្បញ្ញោ សាន សុជា បានប្រកាសរៀបចំពិធីលាចាកសិក្ខាបទហើយនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែឧសភា។
ភ្លាមៗក្រោយពីការប្រកាសលាចាកសិក្ខារបស់ព្រះអង្គមានពុទ្ធបរិស័ទជាច្រើន ទាំងពុទ្ធបរិស័ទដែលបានចូលរួមក្នុងពិធីលាចាកសិក្ខាបទ និងទាំងពុទ្ធបរិស័ទតាមបណ្ដាញសង្គមដែលជាសិស្សគុណរបស់ព្រះអង្គ បានសំដែងនូវការសោកស្តាយព្រមទាំងសំណូមពរឲ្យលោកពិចារណាក្នុងការសាងភ្នួស ដើម្បីបម្រើក្នុងព្រះពុទ្ធសាសនាឡើងវិញ។
ក្រោយពីលាចាកសិក្ខាបទ លោកគ្រូ សាន សុជាបានលើកឡើងផែនការជីវិតមួយចំនួន នៅក្នុងកម្មវិធី Podcast របស់វិទ្យុមួយនៅអូស្ត្រាលី ដោយលោកគ្រូបានលើកឡើងថា៖” បច្ចុប្បន្នខ្ញុំគ្មានចំណងចង់ធ្វើការឱ្យគេនោះទេ គឺខ្ញុំចង់បើករបរមួយ ទាំងទងនឹងការអប់រំ”។
លោកគ្រូក៏បានសង្កត់ធ្ងន់ថា៖” ក្រោយពីលាចាកសិក្ខាបទ ខ្ញុំនឹងបែងចែកជីវិតជា២។ ទី១ការងារសាធារណៈ គឺជាការចែកចាយព្រះធម៌ព្រះសង្ឃ និងធម៌អប់រំចិត្តជាដើម។ ទី២ គឺជីវិតផ្ទាល់ខ្លួន ដូចជាការមានគ្រួសារជាដើម ក៏ប៉ុន្តែខ្ញុំឥឡូវមិនទាន់មើលឃើញនរណានោះ មានតែគេណែនាំឱ្យខ្ញុំ តែយើងមើលមិនទាន់ត្រូវ រឿងអនាគត យើងមានតែចាំមើលបន្តទៀត”។
សូមជម្រាបផងដែរថា បច្ចុប្បន្នលោកគ្រូ សាន សុជា កំពុងតែរស់នៅប្រទេសអូស្រា្តលី ដោយលោកក៏បានទទួលសិទ្ធពេញលេញនៅក្នុងការរស់់នៅប្រទេសនេះផងដែរ៕
ប្រភព៖ SBC










