រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងដើម្បីដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី) ជាជំហានដំបូង ក្នុងឆ្នាំ២០១៩ ក្នុងការ ផ្ដល់សេវាកម្មត្រួតពិនិត្យ សុខភាពហិរញ្ញវត្ថុ ជូនដល់អតិថិជន និងសាធារណជន តាមរយៈការស្នើសុំឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមបណ្តាការិយាល័យសាខា ធនាគារ អេស៊ីលីដា នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ មុនដាក់ពាក្យស្នើសុំទទួលបានឥណទាន ដែលលក្ខខណ្ឌនេះជាការកំណត់ឡើងដោយច្បាប់ផង និងការជួយការពារដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូលពីហានិភ័យនានាផងដែរ។
ឥឡូវនេះ វាជាជំហានទី២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញនូវប្រវត្តិនៃការខ្ចីប្រាក់ និងការសងប្រាក់របស់អតិថិជន ជាមួយនឹងធនាគារ អេស៊ីលីដា ឬគ្រឹះស្ថានធនាគារ និងស្ថាប័ន ហិរញ្ញវត្ថុ ដទៃទៀត។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី ក៏បានលើកឡើងថា យើងបន្តសហការជាមួយធនាគារ អេស៊ីលីដា ដែលជាដៃគូដ៏យូរអង្វែងរបស់ ស៊ីប៊ីស៊ី ក្នុងគោលបំណងដើម្បីបន្តពង្រីកការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ វាបានឆ្លុះបញ្ចាំងដល់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការ
សម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិយាប័នហិរញ្ញវត្ថុផងដែរ។ ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សលើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាសង្គមទាំងមូល កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថល នៅទូទាំងប្រទេសផង។
របាយការណ៍ឥណទានផ្ទាល់ខ្លួន គឺជាការដាក់បញ្ចូលនូវប្រវត្តិបង់សងឥណទានរបស់អ្នកខ្ចីពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ អ្នកផ្តល់កម្ចីទាំងអស់ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យលើប្រវត្តិឥណទានរបស់អ្នកស្នើសុំកម្ចី ដើម្បីពិនិត្យមើលលើលទ្ធភាពឥណទានរបស់អ្នកខ្ចីមុនពេលសម្រេចចិត្តផ្តល់កម្ចី។ ប្រវត្តិឥណទានល្អ នឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី ដើម្បីទទួលបានកម្ចី។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤៤ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៨ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៧៩ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,០៧ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ច្រើនជាង ២,៧៦លាននាក់ និងមានដៃគូអាជីវកម្ម ច្រើនជាង ២៤០.០០០ដៃគូ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣។
អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២មក ស៊ីប៊ីស៊ីបានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យឥណទាន សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ និងសេវាវាយតម្លៃអចលនទ្រព្យឌីជីថល ជាដើម។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័ន ហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ
លោក ផល សុខចំរើន
មុខងារៈ នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារ អេស៊ីលីដា
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamreoun@acledabank.com.kh
គេហទំព័រៈ www.acledabank.com.kh
លោកស្រី ហាក់ ស្រីនិត
មុខងារ ប្រធានផ្នែកទីផ្សារ និង ទំនាក់ទំនង
ទូរស័ព្ទលេខ ៖ ០៩៦ ៧៨៨ ១១ ០០
អ៊ីម៉ែល ៖ s.hak@creditbureau.com.kh
គេហទំព័រ ៖ www.creditbureau.com.kh











