ចាព្លូ ឬជីរភ្លូ (Lolot peper ) មានឈ្មោះវិទ្យាសាស្ត្រ Piper sarmentosum Roxb ជារុក្ខជាតិមានស្លឹកស្រដៀងនឹងម្លូ ដែលត្រូវបានគេដាំ ឬដុះដោយឯកឯង នៅទីកន្លែងម្លប់ និងសើម ពិសេសក្រោមដើមឈើធំៗនៅតាមទីក្រុង ជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាអន្លក់ ឬរបោយ ដែលវាមានប្រភពដើមនៅអាស៊ីខាងត្បូង និងអាគ្នេយ៍ អូស្ត្រាលីខាងជើង។
ចាព្លូ មានលក្ខណៈរូបសាស្ត្រ តួដើមអាចវារលើដី មានថ្នាំងមានផ្កាដុះត្រង់ ឡើងលើមានស្លឹក។ នៅគល់ដើម ស្លឹករាងពងក្រពើ ឬរាងមូល តែនៅផ្នែកលើ ឬនៅចុងដើម ស្លឹករាងបេះដូង។ ស្លឹកមានក្រពេញ ផ្ទៃលើគ្មានរោម តែផ្ទៃក្រោមមាន រោមស្ដើងៗតាមទ្រនុងធំ។ ដើមមានផ្កាញី ឬផ្កាឈ្មោល (dioecious)។ កញ្ចុំផ្កាជាកួរ (spike) ចេញពីគល់ទងស្លឹក។ កញ្ចុំផ្កាឈ្មោលពណ៌ស គ្មានត្របកផ្កា គ្មាន ស្រទាប់ផ្កា មានកេសរឈ្មោល២។ ផ្កាញីគ្មានត្របក គ្មានស្រទាប់។ ផ្លែជាឌុ្រប (drupe) មានគ្រាប់តែ១ ហើយរឹង។
លក្ខណៈជីវសាស្ត្ររបស់រុក្ខជាតិនេះដុះរហ័សណាស់ រាតត្បាត ឈ្លានពានទៅលើប្រភេទរុក្ខជាតិឯទៀត ដែលបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះរុក្ខជាតិ ចំណែកឯគ្រាប់ទុំមានរសហឹរខ្លាំង និងមានក្លិនឈ្ងុយ។
មិនត្រឹមតែប៉ុណ្ណោះ ស្លឹកចាព្លូ អាចយកធ្វើជាបន្លែអន្លក់បាញ់ឆែវ និងអន្លក់ផ្សេងៗ ហើយក៏អាចប្រើជាឱសថសម្រាប់ព្យាបាលឈឺធ្មេញ ហើមពោះ៕










