ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងមក លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បានថ្លែងថា មានប្រធានបទជាច្រើននឹងត្រូវពិភាក្សាជាមួយសហព័ន្ធឧស្សាហកម្មថៃ ដូចជា ការប្រកួតប្រជែងរបស់ប្រទេសថៃក្នុងកម្រិតសកលលោក, ការគាំទ្រក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម, ការស្វែងរកកម្លាំងពលកម្មឱ្យត្រូវនឹងតម្រូវការពីក្រៅប្រទេស រួមទាំងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ពលរដ្ឋថៃ និងបញ្ហាបរិស្ថាន ។
លោក Pita Limjaroenrat លើកឡើងថា គណបក្សកាវក្លៃនឹងដំឡើងប្រាក់ឈ្នួលដល់ពលរដ្ឋយ៉ាងពិតប្រាកដ ហើយគណបក្សនេះនឹងជំរុញប្រាក់ឈ្នួលឱ្យឡើងដល់៤៥០បាតក្នុង១ថ្ងៃ ចំណែកគណបក្សភឿថៃនឹងដំឡើងដល់៤០០បាតក្នុង១ថ្ងៃ ។ លើសពីនេះ នឹងកាត់បន្ថយការយកពន្ធពីក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យម ពី២០% ទៅ១៥% និងពី១៥% ទៅ១០% ។ បច្ចុប្បន្ន ការងារនេះកំពុងដំណើរការ និងស្តាប់មតិយល់ឃើញរបស់ស្ថាប័នពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ហើយលោកសូមបញ្ជាក់ទៅកាន់ពលរដ្ឋថា ប្រាក់ឈ្នួលអប្បបរមានឹងត្រូវដំឡើងជាប្រចាំ ។
កន្លងមក ប្រទេសថៃបានដំឡើងប្រាក់ឈ្នួលជាច្រើនលើក តាំងពីសម័យរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ។ ប៉ុន្តែការដំឡើងប្រាក់ឈ្នួល ក៏អាស្រ័យលើការគណនាអតិផរណា និងអត្រាលូតលាស់របស់សេដ្ឋកិច្ច រួមទាំងការបង្កើនប្រសិទ្ធភាពការងារផងដែរ ។
លោក Pita Limjaroenrat បញ្ជាក់ថា ប្រាក់ឈ្នួលមិនត្រូវបានដំឡើងតាមចិត្តចង់នោះទេ ហើយក៏មិនដំឡើងភ្លាមៗដែរ ប៉ុន្តែនឹងដំឡើងប្រាក់ឈ្នួលតាមគោលការណ៍អន្តរជាតិ ។ ចំណែកតម្លៃអគ្គិសនីដែលសហព័ន្ធឧស្សាហកម្មធ្លាប់បានលើកសំណើថា តម្លៃអគ្គិសនីមិនគួរលើសពី៤.៧២បាតក្នុង១គីឡូវ៉ាត់ គឺប្រទេសថៃអាចធ្វើបាន ដោយសារយោងតាមតម្លៃថាមពល ឧស្ម័នធម្មជាតិ និងទិសដៅការផ្លាស់ប្តូររូបមន្តរចនាសម្ព័ន្ធតម្លៃថ្មី ៕
ប្រភព ៖ Nation TV










