ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ដោយសារបុរសថៃម្នាក់នេះសាក់រូបលោក Phitha Limjaroenrat ជាមេដឹកនាំគណបក្សកាវក្លៃ នៅលើគល់ភ្លៅរបស់ខ្លួន ហើយនិយាយថា លោកមិនខ្វល់នឹងមតិរិះគន់ទេ សំខាន់លោកស្រឡាញ់ចូលចិត្តមេដឹកនាំរូបនេះ ហើយលោកនឹងសាក់បន្ថែមទៀត ។
បុរសដែលល្បីល្បាញក្នុងបណ្តាញសង្គម ដោយសារតែសាក់រូបមេដឹកនាំគណបក្សកាវក្លៃនៅលើជើងនោះឈ្មោះ ហ្វីវ និយាយថា លោកយល់ពីអ្នករិះគន់ការសាក់នេះ ព្រោះមានទាំងអ្នកគាំទ្រ និងមិនគាំទ្រ ។ ប៉ុន្តែលោកមិនយកការរិះគន់នេះមកទុកក្នុងចិត្តទេ ព្រោះវាជារាងកាយរបស់លោក ហើយឪពុកម្តាយលោកក៏បានអនុញ្ញាតឱ្យលោកសាក់រូបមេដឹកនាំគណបក្សកាវក្លៃដែរ ។
លោក ហ្វីវ រៀបរាប់ថា លោកជាអ្នកតាមដានរឿងនយោបាយប្រទេសជាតិ លោកចូលចិត្តគំនិតរបស់លោក Phitha Limjaroenrat ហើយគិតថា បើលោក Phitha Limjaroenrat បានក្លាយជានាយករដ្ឋមន្ត្រីនោះ ប្រទេសថៃនឹងរីកចម្រើនជាងនេះ ។ លោកមានទំនុកចិត្តលើមេដឹកនាំគណបក្សកាវក្លៃ ព្រោះមេដឹកនាំរូបនេះជាក្មេងជំនាន់ក្រោយមានថាមពលខ្លាំង ហើយបើលោក Phitha Limjaroenrat បានឡើងជានាយករដ្ឋមន្ត្រីមែននោះ គឺការសាក់នេះមិនឥតប្រយោជន៍ទេ ។
លោក ហ្វីវ បន្តថា ពីដំបូង លោកតាំងចិត្តថា សាក់រូបឡូហ្គោរបស់គណបក្សកាវក្លៃ ប៉ុន្តែពេលលោកមកដល់ហាងសាក់ ម្ចាស់ហាងប្រាប់ឱ្យលោកសាកល្បងសាក់ផ្ទៃមុខរបស់មេដឹកនាំគណបក្សនេះមើលថា តើដូចមនុស្សពិតប្រាកដឬអត់ ? ហើយហាងនឹងបញ្ចុះតម្លៃឱ្យលោកចំនួន៥០% គឺពីតម្លៃ១ម៉ឺន២ពាន់បាត មកត្រឹមតែ៦ពាន់បាតប៉ុណ្ណោះ ។ ដូច្នេះ លោកក៏សម្រេចចិត្តសាក់តែម្តង ។
បើសួរថា ហេតុអ្វីបានជាលោកត្រូវសាក់រូបមេដឹកនាំគណបក្សកាវក្លៃនៅដើមភ្លៅទៅវិញ ? លោក ហ្វីវ ប្រាប់ថា ព្រោះកន្លែងផ្សេងទៀត លោកបានសាក់អស់ហើយ គ្មានកន្លែងទំនេរទេ គឺនៅសល់តែបរិវេណគល់ភ្លៅប៉ុណ្ណោះ ។ ដូច្នេះ លោកក៏បានសាក់នៅលើគល់ភ្លៅខាងឆ្វេង ហើយមិននឹកស្មានថា មានអ្នកចាប់អារម្មណ៍លោកច្រើនបែបនេះសោះ ។ លោក ហ្វីវ ប្រាប់ទៀតថា ការចាប់អារម្មណ៍នឹងរូបសាក់នេះ គឺតែងមានមតិយោបល់ពីរផ្សេងគ្នាជានិច្ច ហើយលោកក៏យល់ពីអ្នករិះគន់ផងដែរ ។ ប៉ុន្តែលោកមិនយកមកទុកក្នុងចិត្តទេ ព្រោះវាជារាងកាយរបស់លោក ហើយឪពុកម្តាយលោកក៏បានអនុញ្ញាតដែរ ហើយពួកគាត់ចូលចិត្តរូបសាក់នេះទៀតផង ។
លោក ហ្វីវ បញ្ជាក់ថា លោកចង់ឃើញប្រទេសថៃផ្លាស់ប្តូរទៅរកផ្លូវល្អ និងចង់ឱ្យពលរដ្ឋថៃគិតរឿងប្រទេសជាតិឡើងវិញ ។ លើសពីនេះ លោកក៏សូមផ្តាំផ្ញើទៅលោក Phitha Limjaroenrat ផងដែរ សូមមកជួយចុះហត្ថលេខាលើជើងរបស់លោកផង ព្រោះលោកចង់បានហត្ថលេខារបស់មេដឹកនាំគណបក្សកាវក្លៃ ហើយបើលោកបានហត្ថលេខាមែននោះ លោកនឹងសាក់បន្ថែមទៀត ៕
ប្រភព ៖ Thairath










