មន្ត្រីប៉ូលិសក្នុងរដ្ឋ Assam របស់ឥណ្ឌាត្រូវបានស្នើសុំឱ្យប៉ូលីសក្នុងតំបន់បញ្ចុះទម្ងន់ជាចាំបាច់ក្នុងរយៈពេល៣ខែចំពោះមន្រ្តីណាដែលកំពុងដុះក្បាលពោះធំ និងលើសទម្ងន់ខ្លាំង ជៀសវាងបាត់បង់តំណែង។ ខណៈកាលពីប៉ុន្មានសប្តាហ៍មុនប៉ូលិសប្រមាណ៣០០នាក់នៅតំបន់នេះនឹងចូលនិវត្តន៍មុនកំណត់ព្រោះពួកគេជា «អ្នកផឹកស្រា» និងមាន«រូបកាយមិនសមរម្យ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។
មន្ត្រីប៉ូលីសរដ្ឋកំពូលមួយរូបបាននិយាយ មន្រ្តីទាំងអស់នឹងត្រូវបាន កំណត់ស្តង់ដារាងកាយចាប់ពីពាក់កណ្តាលខែសីហា ចំពោះមន្ត្រីណាដែលមានរូបរាង “ធាត់” នឹងទុកពេលវេលាដល់ខែវិច្ឆិកា ដើម្បីសម្រកទម្ងន់ ឬអាចចូលនិវត្តន៍ដោយស្ម័គ្រចិត្ត។ ចំណែកមន្ត្រីដែលមានលក្ខខណ្ឌស្របតាមវេជ្ជសាស្រ្តនឹងត្រូវបានលើកលែង។![]()
ប្រមុខរដ្ឋ Assam បាននិយាយទៀតថា កាលពីប៉ុន្មានសប្តាហ៍មុន បុគ្គលិកប៉ូលិសប្រហែល ៣០០នាក់នៅក្នុងរដ្ឋ នឹងត្រូវបានស្នើសុំឱ្យចូលនិវត្តន៍មុនកាលកំណត់ ដោយសារតែពួកគេជា “អ្នកផឹកស្រា” និង “រាងកាយមិនសមរម្យ” ។ លោកបាននិយាយថា ការធ្វើបែបនេះ វាជាផ្នែកមួយនៃសមយុទ្ធមួយដើម្បី «កាត់ឈើងាប់ចេញពីកម្លាំងប៉ូលិស»។![]()
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៨ មន្រ្តីប៉ូលីសបម្រុងនៅក្នុងរដ្ឋ Karnataka ក៏ត្រូវបានស្នើសុំឱ្យបញ្ចុះទម្ងន់ ឬប្រឈមមុខនឹងការព្យួរការងារផងដែរ។ ការធ្វើបែបនេះដោយសារតែមន្ត្រីជាច្រើនបានស្លាប់ដោយសារ “ជំងឺធាត់” ដូចជាបញ្ហាបេះដូង និងជំងឺទឹកនោមផ្អែមក្នុងរយៈពេល ១៨ ខែកន្លងមកនេះ៕










