របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញផលិតផលដំឡូងមី និងម្សៅមី ទៅក្រៅប្រទេសក្នុងត្រីមាសទី១ ឆ្នាំ២០២៣ របស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ២៨៥ លានដុល្លារ កើនឡើងជិត ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ប្រមាណជាង ២២១ លានដុល្លារ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំនេះ ការនាំចេញដំឡូងមីស្រស់មានចំនួន ១៥៥ ២១០តោន ក្នុងនោះនាំចេញទៅវៀតណាម ១៣១ ៧១០តោន និងថៃ ២៣ ៥០០តោន។ ដោយឡែកម្សៅដំឡូងមី មានចំនួនជាង ១៤ ៧០១តោន ក្នុងនោះនាំចេញទៅចិនចំនួន ១៤ ៦៤២ តោន ជប៉ុនជាង២៥តោន អ៊ីតាលី ១៧តោន និងឥណ្ឌា១៧តោន។ ចំណែកការនាំចេញកាកសំណល់ដំឡូងមីវិញនាំចេញបាន៣៨ ២៥២តោន ដោយនាំទៅវៀតណាម ៣០ ៥០០តោន ,ថៃ ៧ ១០០តោន និងចិន ៦៥២តោន។
គួរបញ្ជាក់ថា វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ៦៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលផ្ដល់ចំណូលចន្លោះពី ៧០០លានដុល្លារ ទៅ ៨០០លានដុល្លារ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ នេះជាការអះអាងរបស់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា៕










