តារាចម្រៀងមានឈ្មោះបោះសំឡេង អ៊ាម វន្នី បាននិយាយចំៗនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថាលោកមិនគាំទ្រឱ្យលោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ មកអធិប្បាយបាត់ទាល់ព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ប្រសិនមានភាពថ្លោះធ្លោយ មានតែភាពអាម៉ាស់ប៉ុណ្ណោះសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ តារាចម្រៀងរូបនេះក៏សូមស្នើឱ្យថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញជ្រើសរើសអ្នកដែលស័ក្តិសមបំផុត ទាំងមានសមត្ថភាព និងភាពថ្លៃថ្នូរ។
ដូចមហាជនជ្រាបមកហើយថា ថ្មីៗនេះមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីទទួលដំណឹងថា លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជាអ្នកអធិប្បាយបាត់ទាត់ម្នាក់នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈពេលវេលានៃព្រឹត្តការណ៍ដ៏សំខាន់នេះកាន់តែកៀកមកដល់។ មិនត្រឹមតែមហាជនមិនពេញចិត្តតែប៉ុណ្ណោះទេ តារាចម្រៀង អ៊ាម វន្នី ក៏ចេញមុខមិនគាំទ្រជ្រើសរើសអ្នកអធិប្បាយខាងលើនេះមកអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឡើយ។
លោក អ៊ាម វន្នី បានសរសេររៀបរាប់នៅព្រឹកថ្ងៃទី២៨ ខែមេសា នេះថា «ឃើញថាហ្វេសប៊ុកផូសព្រោងព្រាតថាគាត់ជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីកីឡាស៊ីហ្គេមខាងមុខ តែភាពច្បាស់ការ១០០%ខ្ញុំមិនទាន់ដឹងទេ។
បើសិន ជាការពិតខ្ញុំមិនគាំទ្រទេ ក្នុងនាមជាជនរួមជាតិម្នាក់ ខ្ញុំមិនដែលស្អប់ឬមានបញ្ហាជាមួយគាត់ទេ ប៉ុន្តែអតីតភាពរបស់គាត់គឺពុំគួរទទួលបានឱកាសការងារនេះទេ ប្រទេសជិតខាងកំពុងតាមដានមើលយើងគ្រប់ជ្រុងជ្រោយ បើថ្លោះធ្លោយគឺមានតែអាម៉ាស់ប៉ុណ្ណោះ កិត្តិយសជាតិជារឿងសំខាន់ ជាង២០ឆ្នាំទៀតទើបមានឱកាសនេះម្តងទៀត។
បើជាការពិតខ្ញុំអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញដើម្បីជ្រើសអ្នកដែលស័ក្តិសមបំផុត ទាំងក្នុងដួងចិត្តមហាជន និង សមត្ថភាព និងភាពថ្លៃថ្នូរ»។
ការលើកឡើងរបស់ តារាចម្រៀងរូបនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការគាំទ្រដែលមិនគួរជ្រើសរើសឱ្យ Admin ជីងចក់ មកអធិប្បាយឡើយ ខណៈមានមតិរិះគន់យ៉ាងណា សាមីខ្លួន Admin ជីងចក់ បានឡើងថា «គេមើលស្រាលយើងជារឿងរបស់គេ! ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាវាគ្មានអី្វដែលខ្ញុំមិនអាចធ្វើបាន»៕










