កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គំរូផែនទីនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ត្រូវបានបង្ហាញចេញក្នុងកិច្ចប្រជុំស្តីពីការចូលរួមផ្តល់ព័ត៌មានបច្ចេកទេសលើគម្រោងសិក្សាផ្លូវល្បឿនលឿននេះ។
គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តទាំង៥ កាលពីពេលថ្មីៗនេះ។
ក្រសួងបានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង៥ ជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក្នុងការសិក្សាលើគម្រោងផ្លូវល្បឿនលឿននេះ ឱ្យបានរលូន។
សូមជម្រាបផងដែរថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន៕










