ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមេសា កន្លងមក សារព័ត៌មានប្រទេសថៃរាយការណ៍ថា ខេត្តអ៊ូប៊ុនរ៉ាជថានីមានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពជាមធ្យមពី៣៧ ទៅ៣៩អង្សារសេ ។ លើសពីនេះ មានព្យុះរដូវក្តៅបក់បោកមកលើប្រទេសថៃ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យត្រីធម្មជាតិជាច្រើនក្បាលក្នុងបឹងនៅភូមិថាខងឡិក ឃុំខាំណាមសែប ស្រុកវ៉ារិនឆាំរ៉ាប ដែលស្ថិតនៅជាប់ទន្លេមូន ងាប់និងអណ្តែតពាសពេញផ្ទៃទឹក ។ អ្នកភូមិបាននាំគ្នាចាប់ត្រីទាំងនេះចេញពីបឹងដើម្បីកុំឱ្យទឹកស្អុយ ។
លោកស្រី Noochan Boonprachaum ជាមេភូមិថាខងឡិក ឃុំខាំណាមសែប និយាយថា កាលពីថ្ងៃទី២៣ ដល់២៤ ខែមេសា ក្នុងភូមិមានខ្យល់ព្យុះរដូវក្តៅបក់បោកជាប់គ្នាចំនួន២ថ្ងៃ ដែលធ្វើឱ្យអាកាសធាតុធ្លាប់តែក្តៅខ្លាំង និងមានសីតុណ្ហភាពពី៣៧ ទៅ៣៩អង្សារសេអស់រាប់ខែមកហើយ បែរជាមានអាកាសធាតុត្រជាក់ ហើយមានទឹកត្រជាក់ហូរចូលក្នុងបឹងនៅភូមិនេះ ។.jpg)
លោកស្រីបន្តថា អាកាសធាតុផ្លាស់ប្តូរភ្លាមៗបានធ្វើឱ្យត្រីទាំងនេះខ្វះអុកស៊ីសែន ហើយងាប់អស់រាប់ម៉ឺនក្បាល ។ ហេតុនេះ ត្រូវប្រមូលកម្លាំងក្នុងភូមិ និងឃុំខាំណាមសែប មកជួយគ្នាចាប់ត្រីចេញពីទឹក ព្រោះនឹងធ្វើឱ្យទឹកស្អុយ ហើយប៉ះពាល់ដល់ការផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងភូមិផងដែរ ។ ចំណែកត្រីប្រមូលបានពីក្នុងទឹក នឹងឱ្យអ្នកភូមិយកទៅធ្វើប្រហុកទុកហូប ព្រោះត្រីទាំងនេះងាប់ដោយសារអាកាសធាតុផ្លាស់ប្តូរ មិនមែនងាប់ដោយសារជាតិពុលទេ ។ ដូច្នេះ គេអាចយកទៅហូបបាន បន្ទាប់មក ត្រូវស្តារប្រភពទឹកឡើងវិញ ព្រោះវាជាកន្លែងអភិរក្សពូជត្រីធម្មជាតិ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ដល់២៤ ខែមេសា ផ្ទះសម្បែងពលរដ្ឋចំនួន២៨០ខ្នងក្នុងស្រុកចំនួន៨ របស់ខេត្តអ៊ូប៊ុនរ៉ាជថានី ត្រូវបានខ្យល់ព្យុះបំផ្លាញ ។ ពេលនេះ មានក្រុមស្ម័គ្រចិត្ត និងកម្លាំងយោធាចុះមកជួយដល់ផ្ទះពលរដ្ឋដែលរងខូចខាតដោយសារព្យុះរដូវក្តៅ ។ លើសពីនេះ ខាងខេត្តបានបញ្ជាទៅកាន់ស្រុកចំនួន២៥ ត្រូវការពារទ្រព្យសម្បត្តិ ចៀសវាងការខូចខាតដោយសារខ្យល់ព្យុះរដូវក្តៅម្តងទៀត ៕
ប្រភព ៖ khaosod










