ការចុះផ្សាយរបស់សារព័ត៌មាន BBC នៅក្នុងវីដេអូមួយដែលមានប្រមាណ៤៧នាទី ដោយបានលើកឡើងថាខេត្តព្រះសីហនុ ជាកន្លែងមានអំពើជួញដូរមនុស្ស និងបង្ខាំងមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយមិនមានអាជ្ញាធរ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាប ហើយម្ចាស់ទីតាំងគឺជាបុគ្គលមានឥទ្ធិពលស្និទ្ធជាមួយអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួន។ រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មាននេះនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ថា បន្ទាប់ពីមានការចុះផ្សាយរបស់ BBC មានចំណងជើងថា «Pig Butchering Romance Scam» កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ អំពីស្ថានភាពរងគ្រោះ របស់ជនជាតិចិនចំនួន ០៤រូប ដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ តាមរូបភាពមនោសញ្ចេតនា និង ភាពរងគ្រោះដោយអំពើបង្ខាំង និងទារុណកម្មបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ នៅទីតាំង ឈ្មោះ ហ័ង ឡឹ នៃខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុធ្វើការស្រាវជ្រាវបញ្ជាក់យ៉ាងយកចិត្តទុកដាក់ ដោយលទ្ធផលស្រាវជ្រាវបានបង្ហាញការចុះផ្សាយ BBC គឺជាព័ត៌មានពុំមានប្រភព និងមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់សភាពការណ៍ចាស់ៗដែល បានកើតឡើងនាពេលកន្លងមក ដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបទាន់ពេលវេលារួចមកហើយ។

ផ្នែកតាមការស៊ើបអង្កេត និងការស្រាវជ្រាវ បានឱ្យដឹងថា រូបភាពក្នុងវីដេអូដែលថតដោយបុគ្គលអះអាងថាជនរងគ្រោះ បញ្ជាក់ថាទីតាំងនោះគឺ ជាអគារមួយដែលមានកម្ពស់១៣ជាន់ (មានពណ៌ពងមាន់ បែរមុខទៅទិសខាងកើត) ស្ថិតក្នុង ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលជាទីតាំងកាស៊ីណូ មេចេស្ទី ធូ ដែលមាន អាជ្ញាប័ណ្ណលេខ ១៤០ គ.ល.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងមានម្ចាស់អាជីវកម្មឈ្មោះ លី គួង ភេទ ប្រុស អាយុ ៤៧ឆ្នាំ។

ក្នុងអំឡុងពេលបើកយុទ្ធនាការស្រាវជ្រាវស្វែងរកជនបរទេសក្នុងបណ្តឹង និងការត្រួតពិនិត្យ រដ្ឋបាលចំហរ ដែលបានចាប់ផ្តើមពីខែសីហា ឆ្នាំ២០២២ នៅទីតាំង ហ័ង ឡឹ នេះ អាជ្ញាធរខេត្ត បានទទួលពាក្យបណ្តឹងចំនួន០៦ករណី មានជនបរទេសសរុបចំនួន ១១នាក់ (ស្រី ០១នាក់) ប្ដឹងសុំអន្តរាគមន៍លាឈប់ពីការងារ ក្នុងនោះមាន ០១ករណី ត្រូវបានអាជ្ញាធរ នៃគណៈបញ្ជាការឯកភាពខេត្ត រកឃើញបទល្មើសជួញដូរមនុស្ស និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ កសាងសំណុំរឿងទៅតុលាការ (ករណីបណ្ដឹងលេខ ៥១១)។ ជនជាតិចិនចំនួន០២នាក់ដែលបានអះអាងថាខ្លួនត្រូវបានរងគ្រោះដោយអំពើបង្ខាំង និងធ្វើ ទារុណកម្មក្នុងវីដេអូ មិនមាននៅក្នុងបណ្តុំទិន្នន័យអត្តសញ្ញាណជនបរទេស ដែលបានប្ដឹងសុំ អន្តរាគមន៍ជួយសង្គ្រោះអំឡុងពេលនោះឡើយ ក៏ដូចជាក្នុងបណ្តឹងទាំង ០៦ករណី ដែលជាប់ ពាក់ព័ន្ធនឹងទីតាំង មេចេស្ទី ធូ។

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែង ពាណិជ្ជកម្ម បានចុះធ្វើការត្រួតពិនិត្យជាក់ស្ដែងទីតាំងកាស៊ីណូ មេចេស្ទីធូ ក្រោយពេលដែល ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលបានលិខិតកម្រងសំណួរពីការីនិពន្ធ នៃកម្មវិធី ស៊ើបអង្កេតរបស់សារព័ត៌មាន BBC ឈ្មោះ Mustafa Khalili។ ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា៖ អគាររបស់កាស៊ីណូ មេចេស្ទីធូ មានកំពស់១៣ជាន់ ដែលមានជាន់ទី១ ជាអាហារដ្ឋាន, ជាន់ទី២ជាហាងកាត់សក់ និងម៉ាស្សា, ជាន់ទី៣ដល់ទី៩ ជាបន្ទប់ស្នាក់នៅរបស់ បុគ្គលិក និងជាន់ទី១០ ដល់ជាន់ទី១៣ ជាបន្ទប់ធ្វើការរដ្ឋបាលរបស់កាស៊ីណូ និងមិនមានសញ្ញាណនៃបទល្មើសបង្ខាំង ឬទារុណកម្មឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzdPp2PZs93PdX4Uc0KXiNUTzhvtbGpthPZDqWR6dXwSQ2Zaewh63l0OjZGel3fWkNtgwxSehvKzppjhfLy5AgJxi4NjGmmoFQFw4pdsrMUDOiIyRdCcyaJ1Q5MKpTwvhNnnNDbW3vwmywcvsgUCVF6jqQEXOQL2wOYQuiHQq4QK-EU1hMVvXAJYnF/s1280/342206655_993438308732876_5376595202075167016_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUG19ee7qw8MxukAoqWIeQvrVBBwPfcTG0bWqfBN-unprzkXhnLXfppiuSCbd8pPLe9ySSDeItyd-BK6PVEsk6Y6Uv-WYiddVG9v5ohXUhXhWeFDXUvNqLjU53On87XKWOJna3hjBWF5LQ02r63xRvuYN8H3I5Ye-5WO7yKCDCwki5kl46AjZ3YWMu/s1280/342185149_955825832519921_9134022230937405194_n.jpg