ទើបតែស្ងប់ស្ងាត់ពីរឿងសំលៀកបំពាក់មួយរយៈបណ្ឌិតច្នៃម៉ូត ឯម រៀម កំពុងរងការរិះគន់ពីមហាជនបន្តទៀត ក្រោយពីនិយាយថា បេះដូងបត់ពីក្រដាសដែលកម្ពុជាត្រៀមបំបែកឯតទគ្គកម្មពិភពលោកជា «បេះដូងក្លែងក្លាយ» និងមិនគួរធ្វើនៅមុខប្រាសាទអង្គរវត្តឡើយ។
នាថ្ងៃស្អែកនេះត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កម្ពុជា នឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្ត។ ការបត់បេះដូងក្រដាសចំនួន ១លានចម្រុះពណ៌ដោយដោតចង្កាក់នេះមានអ្នកការចូលរួមពីបងប្អូនប្រជាពលរដ្ឋម៉ឺននាក់ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់ដល់កីឡាករដែលពិការភាពខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ និង អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំលើកដំបូងនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
អ្វីដែលមហាជនហួសចិត្តនោះគឺ បណ្ឌិតច្នៃម៉ូដលោក ឯម រៀម ដែលរងការរិះគន់ផ្អើលប្រទេសកាលពី១ខែមុន បែរជានិយាយថាបេះដូងក្រដាសដែលបត់នោះជាបេះដូងក្លែងក្លាយមិនមែនកើតចេញពីក្តីស្រលាញ់ និងមិនគួររៀបចំនៅបរិវេណប្រាសាទអង្គរវត្ត ខណៈដែលកម្ពុជាខិតខំរួបរួមគ្នាដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក។
លោក ឯម រៀម បានសរសេរនៅលើហ្វេកប៊ុកនៅថ្ងៃទី១០ ខែមេសា ថា «១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…»។
អ្នកលេងបណ្តាញសង្គមបានចូលខំមិនរិះគន់ថា «ខ្ញុំជាអ្នកបត់បេះដូងផ្ទាល់ដៃ ក៏ដូចជាប្រជាជនជាច្រើនម៉ឺននាក់ទៀត តើអ្នកគិតថាជាក្លែងក្លាយ?ម៉េចក៏លោកឈានដល់ដំណាក់កាលនេះ?ឬទស្សន:បែបបរទេសនិយមពេក មើលរំលងអ្វីដែលជាខ្មែររួមគ្នាខំធ្វើ?តើគេធ្វើនេះ ដើម្បីមនុស្សប៉ុន្មានម៉ឺននាក់ ឬតំណាងឱ្យជាតិខ្មែរទាំងមូល?ល្មមៗបានហើយ កុំយកបរទេសនិយម បំពានខ្មែរខ្លួនឯង រួចស្រែកប្រាប់គេថា ខ្ញុំស្រលាញ់ខ្មែរនោះ។ ទុកឱ្យខ្មែរមួយនគរស្រលាញ់ផង កុំមួយប្រទេសមានតែមួយអី»។ អ្នកខ្លះទៀតបានលើកឡើងថា «ចេញមកអោយតែគេជេរ រួចតាំងចេញវីដេអូយំល្ហេមល្ហាម គេគ្រប់គ្នាខំណាស់ទំរាំបានចេញជារូបរាង ចេញមកតែប៉ាភ្លើចេះឯងបានគេជេរមិនខុសនោះ, ក្លែងក្លាយមិចបង បងប្អូនប្រជាជនខ្មែរច្រើនណាស់ខ្ញុំទៅម្សិលមិញ ទាក់ទាញទាំងភ្ញៀវជាតិនឹងអន្តរជាតិចូលរួមផងដែល, ទស្សនៈរបស់លោក ចង់បានន័យយ៉ាងម្ដេច? និយាយមកសុទ្ធតែក្លែងក្លាយ? គ្រប់បេះដូងដែលបងប្អូនខ្មែរបានបត់ ប៉ុណ្ណឹងគេមិនចាំបាច់ប្រេីថវិការរដ្ឋទេ គេស្រឡាញ់ខ្មែរគេប្រើថវិកាផ្ទាល់ខ្លួនមកទិញបត់បាន លោកបើមិនដឹងកុំចេញសម្ដីហួសពេក…»។
គួរបញ្ជាក់ផងដែរថា កម្ពុជាមិនត្រឹមត្រៀមបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»ប៉ុណ្ណោះទេ តែក៏ត្រៀមរាំចង្វាក់ម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ផងដែរ ខណៈព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់ ៤តោន៕












