Home ព័ត៌មានអន្តរជាតិ កីឡាករថៃលេងខូចគេពេលប្រកួតដោយបង្កប់វត្ថុរឹងលាក់ក្នុងដៃ

កីឡាករថៃលេងខូចគេពេលប្រកួតដោយបង្កប់វត្ថុរឹងលាក់ក្នុងដៃ

159
0

ប្រទេសកម្ពុជា ៖ កាលពីថ្ងៃទី៩ ខែមេសា កន្លងមក អាជ្ញាកណ្តាលនៃការប្រកួតប្រដាល់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងថៃ បានពិនិត្យឃើញវត្ថុរឹងក្នុងដៃកីឡាករថៃម្នាក់ ដែលគេចាត់ទុកថា ជាការបំពានច្បាប់របស់អាជ្ញាកណ្តាល ខណៈកីឡាករថៃរូបនេះបានប្រើល្បិចស្មោគគ្រោកពេលប្រកួត ។ គណៈកម្មការបានបញ្ចូលឈ្មោះកីឡាកររូបនេះទៅក្នុងបញ្ជីខ្មៅ (Black List) ដោយហាមចូលរួមប្រកួតក្នុងកម្មវិធីបន្តទៀត ។

ក្នុងការប្រកួតប្រដាល់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងថៃ របស់ស្ថានីយទូរទស្សន៍ Town កាលពីម៉ោង១១ព្រឹក ថ្ងៃទី៩ ខែមេសា រវាងកីឡាករខ្មែរឈ្មោះ ខេម ចាន់ ប៉ះជាមួយកីឡាករថៃ ក្នុងនោះអាជ្ញាកណ្តាលបានពិនិត្យមើលកីឡាករទាំងពីរនាក់មុនពេលប្រកួតឃើញថា កីឡាករថៃបានរុំដៃរបស់ខ្លួនខុសប្រក្រតី និងលាក់វត្ថុរឹងនៅក្នុងដៃ ។ ហេតុនេះ គណៈកម្មការរៀបចំការប្រកួត និងអាជ្ញាកណ្តាលបានសម្រេចចិត្តស្រាយក្រណាត់រុំដៃរបស់កីឡាករថៃរូបនេះ ។ បន្ទាប់ពីស្រាយក្រណាត់រុំដៃចេញឃើញថា កីឡាករថៃបានយកវត្ថុរឹងលាក់ក្នុងដៃរបស់ខ្លួន ដើម្បីងាយស្រួលយកឈ្នះកីឡាករខ្មែរយើង ។May be an image of 1 person and slow loris

ការបង្កប់វត្ថុរឹងនេះបានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាខ្មែរយើង ក៏ដូចជាអាជ្ញាកណ្តាលហួសចិត្តជាខ្លាំង ។ កាលពីពេលកន្លងមក ប្រទេសថៃក៏ធ្លាប់ត្រួតពិនិត្យមើលលើខ្លួនកីឡាករខ្មែរយើងដែរ ពេលទៅប្រកួតនៅប្រទេសថៃ ។ ជាក់ស្តែង ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍បាយន្ត ក៏ត្រូវបានភាគីថៃសុំត្រួតពិនិត្យលើខ្លួនកីឡាករខ្មែរ ។ ការសុំត្រួតលើកីឡាករខ្មែរយើង ប្រទេសថៃធ្វើមកលើកម្ពុជាយើងរាងជ្រុល ធ្វើដូចខ្មែរយើងហ្នឹងខូច ធ្វើដូចយើងមានទម្លាប់មិនល្អពីមុនអីចឹង ប៉ុន្តែប្រទេសថៃទៅវិញទេ ដែលបានប្រព្រឹត្តទង្វើមិនគប្បី ដូចយើងបានឃើញកីឡាករថៃរូបនេះបង្កប់វត្ថុធាតុរឹងក្នុងដៃ និងស្រោបក្រណាត់ពីលើ ។

អ្នកលេងបណ្តាញសង្គមខ្មែរនិយាយថា បើអាជ្ញាកណ្តាលមិនបានត្រួតពិនិត្យជាមុនទេ តើការប្រកួតនេះនឹងក្លាយជាយ៉ាងណា ហើយវានឹងបង្កគ្រោះថ្នាក់ដល់កីឡាករខ្មែរយើងដែរឬទេ ។ ការប្រដាល់នីមួយៗត្រូវធ្វើឡើងដោយយុត្តិធម៌ គ្មានការយកប្រៀបលើគ្នាគ្រប់ចំណុចទាំងអស់ ទាំងគីឡូ និងការរៀបចំខ្លួន ។ អ្នកលេងបណ្តាញសង្គមខ្មែរយើងនិយាយថា តើគួរចាត់វិធានការចំពោះកីឡាករថៃរូបនេះបែបណាឱ្យសមរម្យ និងឱ្យប្រទេសថៃទទួលខុសត្រូវនូវទង្វើរបស់កីឡាករខ្លួនបែបណា ។May be an image of 3 people

ចំណែកអ្នកលេងបណ្តាញសង្គមថៃវិញនាំគ្នាកាន់ជើងកីឡាករថៃរូបនេះ ហើយនិយាយថា ហេតុអ្វីបានជាកីឡាករថៃចង់ទៅប្រកួតនៅខ្មែរម៉្លេះ ទាំងដឹងហើយថា ខ្មែរលេងខូច ហើយហេតុអ្វីបានជាចង់ទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ខណៈជនជាតិថៃមិនចង់ទស្សនាទេ ។ រីឯអ្នកលេងបណ្តាញសង្គមថៃម្នាក់ទៀតសួរថា តើកីឡាករនេះពិតជាជនជាតិថៃមែនឬអត់ ឈ្មោះអ្វី និងមកពីណា ។ ដូចគ្នានេះ ម្នាក់ទៀតថា ប្រទេសថៃត្រូវចាត់ការជាមួយពួកខ្មែរឱ្យខ្លាំងៗ និងបញ្ឈប់រាល់ការជួយទាំងអស់ ។ រីឯជនជាតិថៃម្នាក់ទៀតថា ពួកវារករឿងថៃមិនអស់មិនហើយ ហើយព័ត៌មាននេះមិនពិតទេ ព្រោះធ្វើឱ្យប្រទេសថៃខូចកេរ្តិ៍ឈ្មោះ ។

អ្នកលេងបណ្តាញសង្គមថៃម្នាក់ទៀតនិយាយថា កីឡាករថៃត្រូវឈប់ទៅប្រកួតនៅកម្ពុជា បើស្រឡាញ់ Muay Thai ។ ចំណែកជនជាតិថៃម្នាក់ទៀតថា ការប្រឌិតរឿងឡើងមក គឺជាជំនាញរបស់ខ្មែរ ។ ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតថា ខ្មែរគួរតែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់កីឡាករថៃរូបនេះ បើនិយាយថាជាជនជាតិថៃ ហើយបើមើលមុខមាត់ គឺមិនមែនជាជនជាតិថៃទេ ៕ WorldForumTh