សហរដ្ឋអាមេរិក ៖ លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានប៉ូលិសចាប់ឃុំខ្លួនជាផ្លូវការមុនពេលលោកឡើងតុលាការនៅ Manhattan ដើម្បីស្តាប់ការចោទប្រកាន់ក្នុងករណីផ្តល់ប្រាក់ទៅឱ្យតារាភាពយន្តសិចម្នាក់ដើម្បីបំបិទមាត់ពីទំនាក់ទំនងរវាងនាង និងលោក ត្រាំ ។ ប៉ុន្តែលោក ត្រាំ មិនព្រមសារភាពកំហុសលើការចោទប្រកាន់ទាំងអស់ឡើយ ។Trump leaves NYC home ahead of arraignment in criminal probe | National  News | normantranscript.com

កាលពីថ្ងៃទី៤ ខែមេសា លោក ត្រាំ អតីតប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកដល់ការិយាល័យព្រះអយ្យការ មុននឹងត្រូវប៉ូលិសចាប់ឃុំខ្លួន បន្ទាប់មក ប៉ូលិសបាននាំខ្លួនលោកទៅកាន់តុលាការព្រហ្មទណ្ឌ Manhattan ។ ការឡើងតុលាការនេះ គឺពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានផ្តល់ប្រាក់ទៅឱ្យតារាសិចម្នាក់ដើម្បីបំបិទមាត់មិនឱ្យនាងនិយាយពីទំនាក់ទំនងស៊ីជម្រៅរវាងនាង និងលោក ត្រាំ ។

ការឡើងតុលាការដើម្បីស្តាប់ការចោទប្រកាន់នេះ លោក ត្រាំ មិនត្រូវបានគេដាក់ខ្នោះដៃទេ ហើយចៅក្រមបានធ្វើការចោទប្រកាន់លើលោកចំនួន៣៤រឿង ប៉ុន្តែលោក ត្រាំ មិនព្រមសារភាពកំហុសក្នុងការចោទប្រកាន់ទាំងអស់ទេ ។Trump enters New York City courtroom for arraignment

លោក ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលបានឡើងតុលាការក្នុងនាមជាចុងចោទដើម្បីស្តាប់ការចោទប្រកាន់ថា លោកបានឱ្យមេធាវីផ្ទាល់ខ្លួនផ្តល់ប្រាក់ទៅឱ្យតារាភាពយន្តសិចម្នាក់ឈ្មោះ Stormy Daniels ចំនួន១៣ម៉ឺនដុល្លារអាមេរិក ដើម្បីបំបិទមាត់កុំឱ្យនាងនិយាយពីទំនាក់ទំនងផ្លូវភេទរបស់នាងជាមួយលោក ត្រាំ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ដែលពេលនោះ លោក ត្រាំ ទទួលបានជ័យជម្នះ ។

ក្រុមអ្នកច្បាប់របស់លោក ត្រាំ និយាយថា លោកនឹងត្រៀមរៀបចំសំណុំរឿងនៅតុលាការ ហើយលោកមានគម្រោងត្រឡប់ទៅកាន់ផ្ទះលំហែរកាយ Mar-a-Lago នៅរដ្ឋផ្លរីដា បន្ទាប់ពីលោកឡើងតុលាការរួចរាល់ ៕ ប្រភព ៖ thairath