បញ្ហាភាគច្រើនដែលឪពុកម្តាយទាំងឡាយបានជួបប្រទះពេលកូនពេញវ័យ គឺពួកគេមិនព្រមស្តាប់បង្គាប់ និងធ្វើអ្វីតាមចិត្តខ្លួន ។ បើទោះជាឪពុកម្តាយនិយាយអ្វី ក៏ពួកគេមិនព្រមស្តាប់ដែរ ប៉ុន្តែយើងអាចដោះស្រាយបញ្ហានេះបាន ដោយការប្រើវិធីល្អៗក្នុងការបង្រៀនកូនតូចឱ្យយល់ និងស្តាប់តាមអ្វីដែលយើងត្រូវការ ហើយមិនចាំបាច់ដំឡើងសំឡេងដាក់កូន ឬប្រើធម៌ក្តៅទេ ។
១-បង្រៀនកូន និងធ្វើជាគំរូ ៖
កុមារអាយុពី៣-៦ឆ្នាំ ពួកគេចូលចិត្តរៀនសូត្រតាមអ្នកនៅក្បែរខ្លួនគេ ហើយពេលខ្លះមិនអាចបែងចែកថា តើវាគប្បី ឬមិនគប្បីទេ ។ ដូច្នេះ បើឪពុកម្តាយចង់ឱ្យកូនរៀនសូត្រតាមនូវទម្លាប់ល្អៗរបស់ខ្លួននោះ គឺត្រូវធ្វើជាគំរូឱ្យកូនឃើញជាញឹកញាប់ ។ ការអនុវត្តសកម្មភាពល្អៗជាប្រចាំអាចធ្វើឱ្យកូនចងចាំ និងយកទៅអនុវត្តតាមបានល្អផងដែរ ។
២-ប្រើពាក្យសុភាព និងផ្អែមល្ហែមក្នុងការបង្រៀន ៖
គេជឿថា កុមារគ្រប់រូបនឹងចង់តបតវិញនៅពេលឪពុកម្តាយពួកគេប្រើសម្តីមិនពិរោះ ឬស្រែកខ្លាំងៗពេលបង្រៀនកូន ដែលធ្វើឱ្យលទ្ធផលបង្រៀននោះមិនទៅតាមអ្វីដែលខ្លួនរំពឹងទុក ។ ដូច្នេះ វិធីល្អបំផុតក្នុងការបង្រៀនកូន គឺឪពុកម្តាយត្រូវនិយាយសុភាព ផ្អែមល្ហែម និងហៅឈ្មោះកូនគ្រប់ពេលវេលា មិនថាយើងបង្រៀនពីអ្វីទេ នឹងធ្វើឱ្យកូនងាកមកស្តាប់យើងជានិច្ច ។
៣-បង្រៀនកូនឱ្យចេះដោះស្រាយបញ្ហាដោយខ្លួនឯង ៖
ឪពុកម្តាយមួយចំនួនតែងហាមកូនមិនឱ្យធ្វើនេះ ធ្វើនោះជានិច្ច មិនថាកូននឹងធ្វើអ្វីក៏ដោយ គឺតែងហាមឃាត់គ្រប់ពេល ។ ដូច្នេះ ការធ្វើបែបនេះ នឹងធ្វើឱ្យកូនៗពួកគេខ្វះទំនុកចិត្ត ។ វិធីល្អក្នុងការបង្រៀនកូន គឺគួរអប់រំពួកគេឱ្យចេះគិត និងដោះស្រាយបញ្ហាដោយខ្លួនឯង ហើយមិនគួរហាមឃាត់ពួកគេគ្រប់យ៉ាងទេ ព្រោះនឹងធ្វើឱ្យពួកគេមិនអាចវិភាគដោយខ្លួនឯងបាន ។
៤-ស្តាប់កូនឱ្យបានច្រើន ៖
ចំណុចសំខាន់ក្នុងការបង្រៀនកូន គឺយើងត្រូវបើកឱកាសឱ្យកូនបាននិយាយផង មិនមែនយើងជាឪពុកម្តាយជាអ្នកត្រូវរហូតទេ ព្រោះពេលខ្លះ កុមារក៏មានគំនិតជារបស់ខ្លួនឯងដែរ ។ ដូច្នេះ គួរតែឱ្យកុមារបាននិយាយពីគំនិតរបស់ខ្លួន ទោះខុសឬត្រូវយ៉ាងណា ក៏យើងបានដឹងដែរ ។ គំនិតរបស់កូនអាចធ្វើឱ្យយើងអាចដោះស្រាយបញ្ហាបានល្អប្រសើរ ។
ឪពុកម្តាយទាំងអស់ដែលកំពុងជួបបញ្ហាកូនមិនស្តាប់បង្គាប់ គួរតែសាកល្បងផ្លាស់ប្តូរទម្លាប់បង្រៀនកូនជាថ្មី ដោយផ្តល់ឱ្យពួកគេនូវក្តីស្រឡាញ់ ភាពជិតស្និទ្ធ និងយល់ពីកូនឱ្យបានច្រើន ព្រោះយើងនឹងអាចដឹងពីបញ្ហាពិតប្រាកដដែលកើតឡើង និងដោះស្រាយវាបានល្អ ៕ ប្រភព ៖ sanook










