រដូវកាលឆេងម៉េង ឬសែនផ្នូរ បានចូលមកដល់ហើយសម្រាប់ប្រជាជនខ្មែរជាប់សែស្រឡាយចិន វៀតណាម នឹងទៅសែនផ្នូររបស់អ្នកមានគុណឬញាតិសណ្តានដែលបានចែកឋានទៅក្នុងគោលបំណងបួងសួងសុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងឡើងបុណ្យស័ក្តិ។ ក្នុងពិធីបុណ្យនេះ សម្រាប់អ្នកមានធនធាន បានជ្រើសយកជ្រូកខ្វៃ ឬជ្រូកកណ្តុរអាំង មកសែនផងដែរ។
យ៉ាងណាមិញ មុនសម្រាប់ចិត្តទិញជ្រូកខ្វៃ ឬជ្រូកកណ្តុរអាំង លោកអ្នកគួរពិនិត្យមើលជ្រូកនោះជាមុនសិនប្រយ័ត្នប៉ះចំរបស់ខូចគុណភាពនាំឱ្យប៉ះពាល់ទៅដល់សុខភាព ព្រោះបន្ទាប់ពីលោកអ្នកសែនដូនតារួម លោកអ្នកក៏បរិភោគដែរ។
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១ ៧៦០គីឡូក្រាម ជាសាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកវីរុសជំងឺឆ្លង ប៉េសអាហ្វ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានតាមបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមកនេះ។
ក្នុងន័យនេះមិនមែនមានន័យថា ហាមឃាត់ប្រជាពលរដ្ឋទិញជ្រូកខ្វៃឬជ្រូកកណ្តុរអាំងនោះទេ ប៉ុន្តែលោកអ្នកគួរពិនិត្យជាមុនសិន និងស្វែងរកទីតាំងលក់ណាដែលអាចជឿទុកចិត្ត ក្នុងគោលបំណងបង្ការហានិភ័យ។ បន្ថែមពីនេះ នៅតាមទីផ្សារយើងក៏មានអាជីវករលក់ផលិតផលក្នុងស្រុក មិនមានកការនាំជ្រូកចូលពីប្រទេសជិតខាងនោះទេ ដែលទាមទារឱ្យលោកអ្នកត្រូវពិនិត្យមុនសម្រេចចិត្តទិញ៕













