រឿងផ្ទុះកក្រើកខ្លាំងកាលពីខែមុនដែល Hailey Bieber និង Kylie Jenner ទំនង Bully រោមចិញ្ចើម Selena Gomez ដោយប្រយោល បានក្លាយជាប្រធានបទក្តៅងំ ហើយអ្នកគាំទ្រទូទាំងពិភពបានចេញមុខការពារ Selena និងបានវាយប្រហារពាក្យសម្តីមិនសំចៃទៅលើអ្នកទាំងពីរ ជាពិសេសទៅលើ Hailey តែម្តង។
ទោះយ៉ាងណា សកម្មភាពរបស់អ្នកលេងបណ្តាញអ៊ីនធឺណិតធ្វើដាក់ Hailey ត្រូវជាភរិយា Justin Bieber នៅមិនទាន់បញ្ចប់ទាំងស្រុងនោះទេ រហូតនាងបានរងការគំរាមកំហែងដល់អាយុជីវិតទៀតផង។
នៅយប់ថ្ងៃសុក្រ Selena Gomez បានចេញមកបង្ហោះសារការពារ Hailey នឹងស្នើដល់មហាជនសូមបញ្ឃប់សកម្មភាព Bully ទៅលើ Hailey តទៅទៀត។ កំពូលតារាចម្រៀង Selena បានរៀបរាប់ថា Hailey Bieber បានទាក់ទងមកនាងហើយបានប្រាប់ថានាងបានទទួលការគំរាមកំហែងដល់ជីវិត និងការស្អប់ខ្ពើម។ បន្ថែមពីលើនេះ Selena បានស្នើឱ្យមហាជនបញ្ឃប់សកម្មភាពមិនល្អទាំងនេះ ព្រោះនាងមិនចង់ឃើញបែបនេះទេ ហើយគ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃ Bully ខ្លួននោះដែរ។
បន្ទាប់ពី Selena Gomez បានចេញសារខាងលើនេះនៅលើបណ្តាញសង្គម Instagram រួចមក Hailey Bieber ក៏បានបង្ហោះសារអរគុណទៅដល់ Selena ផងដែរដែលចេញមុខការពារនាងដើម្បីបញ្ឃប់សកម្មភាពនានារបស់អ្នកគាំទ្រ។
ជាមួយគ្នានេះ អ្នកគាំទ្រទូទាំងពិភពលោកក៏បានកោតសរសើរដល់ Selena Gomez មិនដាច់ពីមាត់ថានាងជាមនុស្សមានសណ្តានចិត្តល្អ ប្រកដដោយគុណធម៌ មិនគុំគួន ទោះបីជាអ្នកដទៃប្រពឹត្តទង្វើមិនល្អដាក់នាងយ៉ាងណា៕