ប្រទេសឥណ្ឌា ៖ Marion Biotech ជាក្រុមហ៊ុនផលិតថ្នាំនៅប្រទេសឥណ្ឌា ត្រូវបានក្រសួងសុខាភិបាលឥណ្ឌាប្រកាសដកអាជ្ញាប័ណ្ណឈប់ឱ្យដំណើរការ កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក ក្រោយពីក្រុមហ៊ុននេះបានផលិតស៊ីរ៉ូក្អកមានសារធាតុធ្វើឱ្យក្មេងចំនួន១៨នាក់នៅប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) ស្លាប់បាត់បង់ជីវិត ។Uzbekistan cough syrup deaths: Manufacturing halted at Noida-based pharma  company Marion Biotech | Health and Fitness - PTC News

បើតាមការពិនិត្យឃើញថា ស៊ីរ៉ូក្អកនេះមានសារធាតុ diethylene, Glycol និង Ethylene ហើយសារធាតុ Glycol មានកម្រិតខ្ពស់ជាមូលហេតុបង្កគ្រោះថ្នាក់ដល់រាងកាយ បើគេបរិភាគវាចូលទៅអាចបណ្តាលឱ្យស្លាប់បាន ។ ហេតុនេះ ទើបក្រសួងសុខាភិបាលឥណ្ឌាបញ្ជាទៅក្រុមហ៊ុន Marion Biotech បញ្ឈប់ការផលិតថ្នាំក្អកប្រភេទនេះ ។

មុនពេលក្រុមហ៊ុន Marion Biotech ត្រូវបានក្រសួងសុខាភិបាលប្រកាសលុបចោលអាជ្ញាប័ណ្ណអាជីវកម្ម អង្គការសុខភាពពិភពលោកបានហាមឃាត់ការប្រើប្រាស់ស៊ីរ៉ូក្អកផលិតដោយក្រុមហ៊ុននេះ ដោយបញ្ជាក់ថា ស៊ីរ៉ូក្អករបស់ក្រុមហ៊ុន Marion Biotech ស្ថិតនៅក្រោមស្តង់ដារ ។ បើតាមការត្រួតពិនិត្យរបស់មន្ត្រីសុខាភិបាលឥណ្ឌាឃើញថា គំរូស៊ីរ៉ូក្អកចំនួន២២ របស់ក្រុមហ៊ុននេះ មានផ្សំសារធាតុដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងជាស៊ីរ៉ូក្លែងបន្លំ ។UP drug controller cancels license of Marion Biotech in cough syrup  adulteration - The Economic Times

គួរបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយនាំចេញថ្នាំច្រើនបំផុតនៅលើពិភពលោក ក្នុងនោះឥណ្ឌាបាននាំចេញថ្នាំទៅកាន់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានខែកន្លងមក គេបានពិនិត្យមើលគុណភាពថ្នាំរបស់ក្រុមហ៊ុនឱសថជាច្រើននៅឥណ្ឌា ហើយអ្នកជំនាញបញ្ជាក់ថា ដំណាក់កាលផលិតថ្នាំអាចមិនត្រូវតាមស្តង់ដារ ។

Marion Biotech មិនមែនជាក្រុមហ៊ុនឱសថដំបូងទេនៅប្រទេសឥណ្ឌាដែលមានបញ្ហារឿងស៊ីរ៉ូក្អក កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក អង្គការសុខភាពពិភពលោកបានដាស់តឿនថា មានស៊ីរ៉ូក្អកចំនួន៤ប្រភេទផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals របស់ឥណ្ឌា គឺជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងចំនួន៦៦នាក់ ។ ក្មេងនៅប្រទេសហ្គាំប៊ីមានអាការៈខ្សោយតម្រង់នោមខ្លាំង ប៉ុន្តែក្រុមហ៊ុន Maiden Pharmaceuticals បានបដិសេធនឹងការចោទប្រកាន់ខាងលើនេះ ៕ ប្រភព ៖ Mono News