ទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិស្រស់ស្អាតមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ មានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណ ១៩៥គីឡូមែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរ មានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋាន។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលអ្នកស្រុកនិយមហៅតៗគ្នាថា ទឹកធ្លាក់តំបន់យ៉ោក។ តំបន់រមណីយដ្ឋាននេះនៅចន្លោះភ្នំ( ភ្នំព័ទ្ធជុំវិញ) មានព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

នៅក្នុងរមណីយដ្ឋាន មានកន្លែងកន្សាន្តជាច្រើនកន្លែងដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា៖

  1. ដំណាក់ តាង៉ុក គយ
  2. ដំណាក់កោះយាយចាំតា
  3. ដំណាក់ទឹកឈូរ
  4. ដំណាក់មនោរម្យ
  5. ដំណាក់ថ្មសណ្តូក
  6. ទឹកជ្រោះដំណាក់ព្រះ
  7. ដំណាក់ម្លប់ជ្រៃក្រឹម
  8. ដំណាក់កោះសុបិន្ត
  9. ដំណាក់ទឹកធ្លាក់
  10. ដំណាក់កោះដាច់
  11. ដំណាក់កោះភ្ញៀវ

តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានលក្ខណៈពិសេស៣ ធ្វើឱ្យអ្នកចូលកម្សាន្ត ចាប់អារម្មណ៍យ៉ាងខ្លាំង គឺទី១-មានទឹកថ្លាត្រជាក់, ទី២-មានទេសភាពស្រស់ស្អាត និងទី៣-មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់៕