កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ ពលរដ្ឋរងគ្រោះប្រមាណជាង៣០០នាក់ ដែលទិញផ្ទះបុរី VIPអត់បានប្លង់កាន់ នៅខណ្ឌដង្កោ ផ្ទុះការតវ៉ាជាថ្មី ឈានដល់បិទផ្លូវ២១៧ ទាមទារឱ្យអាជ្ញាធរ សមត្ថកិច្ច ​​​ ពាក់ព័ន្ធ ជួយរកដំណោះស្រាយ ខណៈដែលម្ចាស់បុរី២នាក់ គឺលោក ហម រ៉ន និងលោក វ៉ន វណ្ណៈ មិនចេញមុខដោះស្រាយ។

ពលរដ្ឋរាប់រយនាក់ដែលអះអាងថា ជាជនរងគ្រោះដោយសារទិញផ្ទះនៅបុរី VIP ទាំង២ទីតាំងគឺ នៅភូមិមុឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សុទ្ធតែរងគ្រោះដូចគ្នា ក្រោយពីទិញផ្ទះហើយ បង់លុយឱ្យគ្រប់ហើយក្តីមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ ដោយមានអ្នកខ្លះរង់ចាំអស់រយៈពេល៥ឆ្នាំមកហើយ។

ពលរដ្ឋបានលើកឡើងថា មានពលរដ្ឋខ្លះបានទិះផ្ទះបុរីVIP នៅខណ្ឌដង្កោ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយអ្នកខ្លះក៏ទិញជាបន្តបន្ទាប់ ផ្អែកលើកិច្ចសន្យា បង់លុយគ្រប់ នឹងចេញប្លង់ជូន ។

ពលរដ្ឋខ្លះសង្ស័យថាប្លង់រួម ប្រហែលជាម្ចាស់បុរី ដាក់បញ្ចាំធនាគារ យកលុយរត់គេចខ្លួនបាត់ ហើយក៏មិនដឹង៕