សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីទីក្រុងជាច្រើនលើពិភពលោក ត្រៀមរៀបចំកម្មវិធីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ឆ្នាំ២០២៦ នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាមួយវិធានការពង្រឹងសន្តិសុខ ដើម្បីការពារហេតុការណ៍អាក្រ.ក់ដែលអាចកើតឡើងក្នុងពេលរៀបចំកម្មវិធី ។ ទន្ទឹមនឹងនេះ ក៏មានទីក្រុងមួយចំនួនទៀតលុបចោលកម្មវិធីឆ្លងឆ្នាំ ដើម្បីការពារហេតុការណ៍មិនល្អកើតមានឡើង និងទប់ស្កាត់ឥរិយាបថមិនសមរម្យរបស់អ្នកចូលរួម ។

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺជាទីកន្លែងរៀបចំកម្មវិធីឆ្លងឆ្នាំចាស់ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដែលកម្មវិធីសំខាន់របស់ទីក្រុងនេះ គឺការរាប់ថយក្រោយនៅតំបន់ Times Square រួមទាំងការបង្ហោះបាឡុងយក្សចុះពីលើសសរអគារ Times Square ។ នៅឆ្នាំ២០២៥ នឹងមានការបង្ហោះបាឡុងយក្ស ចំនួន២លើក គឺលើកទី១ នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងលើកទី២ នាវេលាម៉ោង០០និង០៤នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ហើយបាឡុយយក្សនឹងប្រែជាពណ៌ទង់ជាតិអាមេរិក ដើម្បីបង្ហាញពីការប្រារព្ធខួប២៥០ឆ្នាំ នៃការបង្កើតសហរដ្ឋអាមេរិក ។

អាមេរិករំពឹងថា នឹងមានមនុស្សចូលរួមកម្មវិធីឆ្លងឆ្នាំនៅតំបន់ Times Square នៅយប់ថ្ងៃចុងឆ្នាំនេះរាប់លាននាក់ ។ សមត្ថកិច្ចទីក្រុងញូវយ៉កបានរៀបចំវិធានការសុវត្ថិភាពរួចរាល់ គឺបង្កើនចំនួនសមត្ថកិច្ចយាមកាមរាប់ពាន់នាក់ច្រើនជាងឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យហេតុការណ៍គួរឱ្យសង្ស័យ ព្រមទាំងត្រៀមកងកម្លាំងសង្គ្រោះបន្ទាន់, ភ្នាក់ងារកម្ចាត់គ្រាប់បែក, ភ្នាក់ងារឧទ្ធម្ភាគចក្រ និងដ្រូន ។ ការបង្កើនវិធានការសន្តិសុខដោយសារបារម្ភពីទីក្រុងញូវយ៉កអាចក្លាយជាគោលដៅការវាយប្រហារពេលឆ្លងឆ្នាំ ជាពិសេស ទប់ស្កាត់ជនល្មើសជិះរថយន្តបំបុកហ្វូងមនុស្ស ។

ចំណែកទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នឹងមានកម្មវិធីបាញ់កាំជ្រួចនៅលើស្ពាន Sydney Harbour និងតំបន់ផ្សេងៗ ។ រដ្ឋាភិបាលអូស្ត្រាលីរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិមកចូលរួមទស្សនាកាំជ្រួចនៅទីក្រុងស៊ីដនី រហូតដល់១លាន ១សែននាក់ ។ តាំងពីព្រឹកថ្ងៃទី៣១ ខែធ្នូ ភ្ញៀវទេសចរជាច្រើនបានឈរតម្រង់ជួររង់ចាំកក់កន្លែងចូលរួមកម្មវិធីឆ្លងឆ្នាំ និងកក់កន្លែងកម្សាន្តផ្សេង ។

សមត្ថកិច្ចជាច្រើននឹងត្រូវដាក់ពង្រាយជុំវិញទីក្រុងស៊ីដនី និងមានសមត្ថកិច្ចចំនួន៣,០០០នាក់ ត្រូវបញ្ជូនទៅយាមកាមនៅកន្លែងឆ្លងឆ្នាំ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកចូលរួម ។ ការពង្រឹងសន្តិសុខ បន្ទាប់ពីអូស្ត្រាលីទើបតែកើតហេតុការណ៍បាញ់ប្រហារនៅឆ្នេរសមុទ្រ Bondi កាលពីថ្ងៃទី១៤ ខែធ្នូ បណ្តាលឱ្យមនុស្សស្លាប់១៥នាក់ ហើយអូស្ត្រាលីនឹងធ្វើពិធីកាន់ទុក្ខហេតុការណ៍ដ៏សោកសៅនេះ ដោយឱ្យមនុស្សម្នាឈរស្ងៀម ១នាទី ។

រីឯទីក្រុងជាច្រើនទៀតបានលុបចោលកម្មវិធីឆ្លងឆ្នាំ ដូចជា ៖ ទីក្រុងប៉ារីស ប្រទេសបារាំង បានលុបចោលការប្រគំតន្ត្រីឆ្នាំថ្មីនៅតាមផ្លូវ Champs Elysées ដោយសារបារម្ភពីហេតុការណ៍គ្រោះថ្នាក់មិនអាចដឹងមុន ។ ម្យ៉ាងទៀត ផ្លូវនេះមិនស័ក្តិសមសម្រាប់ការរៀបចំកម្មវិធីដែលមានមនុស្សណែនណាន់តាន់តាប់ទេ ប៉ុន្តែនៅតែមានការបាញ់កាំជ្រួចនៅវិមានជ័យជម្នះរបស់បារាំង ។

ដោយឡែក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានលុបចោលកម្មវិធីឆ្លងឆ្នាំនៅតំបន់ឈិប៊ូយ៉ា ដើម្បីទប់ស្កាត់ឥរិយាបថមិនសមរម្យរបស់អ្នកចូលរួម ដូចជា ៖ ការផឹកស្រាតាមផ្លូវ និងការពារមិនឱ្យកើតហេតុការណ៍មនុស្សចង្អៀតខ្លាំង ៕