រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ៦៥  ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងត្រៀមថវិកាជាង ៤លាន ដុល្លារ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។

កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ដែល​បាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន​និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់​ជួន ណា​រ៉ុ​ន កាលពី​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ២០២៣​។​

​អនុក្រឹត្យ​ដែលមាន​ ១០ ​ជំពូក និង ​៣១​ មាត្រា បាន​លើកឡើងថា អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​សាលារៀន​សាធារណៈ​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ស្ថាប័ន​គ្រប់គ្រង​ការអនុវត្ត​នេះ​។​

​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា «​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​រៀបចំ​លិខិតបទដ្ឋាន​គតិ​​យុត្ត ប្រព័ន្ធគ្រប់គ្រង ការបណ្តុះ​បណ្តាល និង​ការអភិវឌ្ឍ​សមត្ថ​ភាព​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធី​ដើម្បី​គ្រប់គ្រង​និង​អនុវត្ត​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​»​។​

​មិនតែប៉ុណ្ណោះ​ប្រមុខ​រាជ​រដ្ឋា​​ភិ​បាល​ក៏បាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ​ផងដែរ​ទាក់ទង​នឹង​ការកំណត់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្តង់ដា​សំណង់​ផ្ទះបាយ និង​កន្លែង​សិស្ស​ទទួលទាន​អាហារ​នៅតាម​សាលារៀន​គោល​ដៅ នៅក្នុង​សៀវភៅ​ណែនាំ​ប្រតិ​​ប​ត្តិ​កម្មវិធី​៕