ប្រទេសចិន ៖ ចិននឹងបើកប្រទេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតក្នុងប្រទេសនេះ និងចាប់ផ្តើមផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស គិតចាប់ពីថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៣ តទៅ ។
ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី១៤ ខែមីនាថា តំបន់ជាច្រើននៅប្រទេសចិនដែលមិនចាំបាច់ប្រើប្រាស់ទិដ្ឋាការមុនជំងឺកូវីដរាតត្បាតនោះ នឹងត្រឡប់មកអនុវត្តដូចដើមវិញ គឺភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរមកកាន់ចិនដោយមិនបាច់ប្រើទិដ្ឋាការ រួមទាំងកោះទេសចរណ៍ស្ថិតនៅភាគខាងត្បូង ក៏ដូចជាភ្ញៀវទេសចរតាមកប៉ាល់ឆ្លងកាត់កំពង់ផែក្រុងសៀងហៃ ភ្ញៀវទេសចរមកពីតំបន់គ្រប់គ្រងពិសេសហុងកុង និងម៉ាកាវ ព្រមទាំងភ្ញៀវទេសចរពីក្រុមប្រទេសអាស៊ានផងដែរ ។
ក្រៅពីនេះ ចិននឹងអនុញ្ញាតឱ្យជនបរទេសមកពីតំបន់គ្រប់គ្រងពិសេសហុងកុង និងម៉ាកាវ អាចធ្វើដំណើរមកកាន់ខេត្តក្វាងទុង ដោយមិនប្រើប្រាស់ទិដ្ឋាការ ចំណែកអ្នកកាន់ទិដ្ឋាការដែលចិនបានផ្តល់ឱ្យនៅមុនថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ កន្លងមក ហើយមិនទាន់ផុតសុពលភាព ពួកគេអាចប្រើប្រាស់ទិដ្ឋាការនេះធ្វើដំណើរមកចិនបានដូចគ្នា ។
តាមព័ត៌មានពីអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិបញ្ជាក់ថា នៅឆ្នាំ២០១៩ មុនពេលមានជំងឺកូវីដរាតត្បាត មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសចិនចំនួន៦៥,៧លាននាក់ ។
ការផ្លាស់ប្តូរគោលនយោបាយទិដ្ឋាការនេះកើតឡើងក្រោយពីចិនបានបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដតាំងពីដើមខែធ្នូ ឆ្នាំ២០២២ ដោយលុបចោលវិធានការកូវីដស្មើសូន្យ លុបចោលការឃុំខ្លួនអ្នកដំណើរបរទេស បើកព្រំដែនជាមួយហុងកុង និងម៉ាកាវ ហើយអនុញ្ញាតឱ្យមានដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេស ។
គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងមក រដ្ឋាភិបាលចិនបានលុបចោលគោលនយោបាយរឹតបន្តឹងជំងឺកូវីដភ្លាមៗ ក្រោយពីពលរដ្ឋចិននៅតាមទីក្រុងជាច្រើនបាននាំគ្នាធ្វើបាតុកម្មដើម្បីឱ្យចិនបើកប្រទេសឡើងវិញ ៕ ប្រភព ៖ TNN World










