ប្រទេសវៀតណាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបរទេសវៀតណាម លោក Le Minh Hoan បានថ្លែងថា វៀតណាមត្រូវតែផ្តោតលើគុណភាពទិន្នផលកសិកម្ម ជាជាងផ្តោតលើបរិមាណការផលិត ទើបប្រទេសវៀតណាមអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ។
នៅឆ្នាំ២០២២ កន្លងមក ទិន្នផលកសិកម្មរបស់វៀតណាមដែលបាននាំចេញទៅក្រៅប្រទេសបានងើបឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដបានធូរស្រាល និងបានរីកលូតលាស់យ៉ាងរឹងមាំ ។ នៅឆ្នាំ២០២២ គឺជាឆ្នាំដែលវៀតណាមអាចផលិតទិន្នផលកសិកម្មបានល្អ ប៉ុន្តែការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវៀតណាមបានប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារមិនត្រឹមត្រូវ ខណៈកសិករវៀតណាមភាគច្រើនបានផ្តោតទៅលើបរិមាណផលិតទិន្នផលច្រើនជាងគុណភាព ។
ក្រៅពីនេះ កសិករវៀតណាមជាច្រើននាក់បានលួចនាំចេញផលិតផលរបស់ពួកគេតាមច្រកមិនផ្លូវការទៅកាន់ប្រទេសចិន ហេតុនេះហើយទើបធ្វើឱ្យការនាំចេញផ្លែឈើរបស់វៀតណាមធ្លាក់ចុះ ។ កន្លងមក ប្រទេសចិនដែលជាអតិថិជនទិញផ្លែឈើដ៏ធំបំផុតរបស់វៀតណាម បានដាក់កំណត់ឱ្យវៀតណាមផ្តោតលើគុណភាពទិន្នផលរបស់ខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារចិន និងលុបបំបាត់ការនាំចេញលួចលាក់មិនផ្លូវការនានា ។
អ្នកជំនាញបានចង្អុលបង្ហាញថា អតិថិជនមិនត្រឹមតែត្រូវការផលិតផលមានអនាម័យ និងឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវការភាពងាយស្រួលផងដែរដូចជា ការវេចខ្ចប់ត្រឹមត្រូវ ។ ទោះយ៉ាងណា កសិករ និងក្រុមហ៊ុននាំចេញរបស់វៀតណាមមិនទាន់បានសម្របខ្លួនទៅតាមឥរិយាបថថ្មីនេះទេ ដោយពួកគេចូលចិត្តលក់ផ្លែឈើស្រស់ រីឯការលក់ផ្លែឈើវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារនោះ គឺមានកំណត់នៅឡើយ ៕
ប្រភព ៖ The Durian Times










