ប្រទេសចិន ៖ មានការប៉ះទង្គិចគ្នាតិចតួចម្តងទៀតរវាងមន្ត្រីប្រចាំឆ្នេរសមុទ្រចិន និងហ្វីលីពីន ក្នុងបរិវេណជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ហើយចិនបានផ្ញើសារដាស់តឿនទៅកាន់យន្តហោះរបស់ហ្វីលីពីន ដែលបានហោះលើបរិវេណមានជម្លោះនេះ ។
មន្ត្រីហ្វីលីពីនបានបើកយន្តហោះឆ្លងកាត់បរិវេណប្រជុំកោះ Spratly ដែលវាជាតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ហើយនៅលើយន្តហោះនេះមានអ្នកកាសែតជាច្រើននាក់ ត្រូវបានមន្ត្រីប្រចាំឆ្នេរសមុទ្រចិនជូនដំណឹងតាមរយៈវិទ្យុថា ត្រូវចាកចេញពីដែនទឹករបស់ចិនជាបន្ទាន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងមក ខណៈមន្ត្រីប្រចាំការឆ្នេរសមុទ្ររបស់ហ្វីលីពីនក៏បានជូនដំណឹងតាមវិទ្យុប្រាប់ចិនថា នាវារបស់ចិនក៏បានចូលមកក្នុងដែនទឹកដែលជាកម្មសិទ្ធិរបស់ហ្វីលីពីនដូចគ្នា ។
យន្តហោះរបស់ហ្វីលីពីនដែលចិនអះអាងថា បានហោះចូលមកក្នុងដែនទឹករបស់ខ្លួននេះ មានឈ្មោះថា Cessna Caravan បានហោះហើរចំនួន៤ម៉ោង ។ មន្ត្រីហ្វីលីពីនបញ្ជាក់ថា ហ្វីលីពីនបានប្រទះឃើញនាវារបស់ចិនប្រមាណ២០គ្រឿង ក្នុងនោះក៏មាននាវារបស់កងទ័ពចិនផងដែរ បានចូលមកកាន់ដែនទឹកមានជម្លោះជាមួយហ្វីលីពីន ។
ហេតុការណ៍នេះជាការប៉ះទង្គិចគ្នាតិចតួចប៉ុណ្ណោះរវាងមន្ត្រីប្រចាំឆ្នេរសមុទ្រចិនជាមួយហ្វីលីពីន ខណៈកាលពីពេលមុននេះ ប្រទេសទាំងពីរមានបញ្ហាជាមួយគ្នារឿងមន្ត្រីប្រចាំការឆ្នេរសមុទ្រចិនបានបញ្ចាំងពន្លឺឡាស៊ែរមកលើនាវារបស់ហ្វីលីពីន ដែលបានឆ្លងកាត់ដែនទឹកមានជម្លោះស្ថិតក្នុងសមុទ្រចិនខាងត្បូង ។
ប្រទេសចិន និងហ្វីលីពីន បានអះអាងថា ពួកគេជាម្ចាស់កម្មសិទ្ធិនៅប្រជុំកោះ Spratly ដោយហ្វីលីពីនចោទប្រកាន់ថា ចិនបានបញ្ជូនទូកនេសាទជាច្រើនគ្រឿងមកឈ្លានពាននៅបរិវេណជិតកោះរបស់ហ្វីលីពីន ដែលហ្វីលីពីនបានគ្រប់គ្រងកោះទាំងនេះតាំងពីឆ្នាំ១៩៧០ មកម៉្លេះ ខណៈចិនក៏អះអាងដែរថា មន្ត្រីប្រចាំឆ្នេរសមុទ្រចិនបានបំពេញតួនាទីដើម្បីការពារដែនទឹករបស់ចិន ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន និងហ្វីលីពីន គឺនៅមានប្រទេសម៉ាឡេស៊ី, វៀតណាម, ព្រុយណេ និងតៃវ៉ាន់ ក៏បានអះអាងដែរថា បរិវេណប្រជុំកោះ Spratly គឺជាកម្មសិទ្ធិរបស់ពួកគេដូចគ្នា ៕
ប្រភព ៖ TNN World










