នាពេលកន្លងមក ប្រទេសជាច្រើនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនប្រើ TikTok របស់ក្រុមហ៊ុនចិន ជាពិសេស អាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប ។ ការហាមប្រើ TikTok បានរាលដាលទៅដល់ប្រទេសកាណាដា និងតៃវ៉ាន់ ដោយពួកគេបានចេញច្បាប់ហាមឃាត់ការប្រើកម្មវិធីនេះដូចគ្នា ខណៈហូឡង់ និងដាណឺម៉ាក ក៏កំពុងពិភាក្សាពីការហាមឃាត់ប្រើ TikTok ផងដែរ ។ ហេតុអ្វីបានជាកម្មវិធីពេញនិយមមួយនេះ ដែលមានអ្នកប្រើប្រាស់ជាង១.០០០លាននាក់នៅទូទាំងពិភពលោក ក្លាយជាគោលដៅដែលប្រទេសនានាហាមឃាត់ទៅវិញ ?
មូលហេតុសំខាន់ដែលរដ្ឋាភិបាលប្រទេសនានាហាមឃាត់ការប្រើ TikTok ព្រោះបារម្ភពីសុវត្ថិភាព និងខ្លាច TikTok បញ្ជូនព័ត៌មានផ្សេងៗរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ហើយរដ្ឋាភិបាលចិនអាចគ្រប់គ្រងកម្មវិធីទាំងអស់នៅលើពិភពលោក ។:max_bytes(150000):strip_icc()/19114-is-tik-tok-safe-for-kids-2000-3e14c8fc33d34d4b8364291df0538d8a.jpg)
Christopher Wray ប្រធានការិយាល័យស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកបានសម្តែងការបារម្ភថា រដ្ឋាភិបាលចិននឹងប្រើប្រាស់ព័ត៌មានដែល TikTok ប្រមូលបានពីអ្នកប្រើប្រាស់ ធ្វើជាអាវុធតាមអ៊ីនធើរណេតដើម្បីវាយប្រហារមកលើរដ្ឋាភិបាលអាមេរិក ។
ទោះយ៉ាងណា អ្នកវិភាគជាច្រើននាក់លើកឡើងថា ការហាមឃាត់ប្រើ TikTok នាពេលបច្ចុប្បន្ន គឺដោយសារចិនមានជម្លោះជាមួយអាមេរិក និងបណ្តាប្រទេសលោកខាងលិចកាន់តែខ្លាំងក្លាឡើង ។ ហេតុនេះ អាមេរិកបារម្ភថា ព័ត៌មានរបស់ពលរដ្ឋអាមេរិកនឹងត្រូវធ្លាក់ទៅក្នុងដៃរបស់សត្រូវ ។
កន្លងមក TikTok បានបដិសេធរហូតថា ខ្លួនមិនបានពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ហើយប្រទេសផ្សេងៗក៏គ្មានភស្តុតាងបង្ហាញថា TikTok បានបញ្ជូនព័ត៌មានទៅឱ្យរដ្ឋាភិបាលចិនដែរ ។
គួរបញ្ជាក់ថា TikTok គឺជាកម្មវិធីមួយទទួលបានការពេញនិយមយ៉ាងខ្លាំង និងកាន់តែពេញនិយមថែមទៀតពីបណ្តាអ្នកប្រើប្រាស់ រហូតដល់វាបានក្លាយជាផ្នែកសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោក ៕ ប្រភព ៖ beartai










