រាជធានីស្ដុកខម (Stockholm)៖ ក្រោយពេលប្រមុខអង្គការណាតូ បានប្រកាស កាលពីប៉ុន្មានថ្ងៃមុន ពីការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ច្រើនលើពីអង្គការសម្ពន្ធមិត្តយោធាដ៏ធំមួយនេះផលិតនោះមក បណ្ដាក្រុមរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហភាពអឺរ៉ុប បានជួបជុំគ្នា នៅក្នុងទីក្រុងស្ដុកខម ប្រទេសស៊ុយអែត ដើម្បីផ្គត់ផ្គង់គ្រឿងសព្វាវុធ និង គ្រាប់រំសេវ ជួយដល់ប្រទេសអ៊ុយក្រែន។
នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេលជាង១ឆ្នាំកន្លងកនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានប្រើប្រាស់គ្រាប់កាំភ្លើងយ៉ាងច្រើន ទើបក្រុងកៀវ បានត្អូញត្អែរ អំពីការខ្វះខាតគ្រាប់រំសេវ។ ដោយឡែក សហរដ្ឋអាមេរិក បានផលិតគ្រាប់កាំភ្លើងផ្លោង ប្រភេទ ១៥៥មិល្លីម៉ែត្រ ត្រឹមតែប្រហែលជាង១៤ ០០០គ្រាប់ប៉ុណ្ណោះ នៅមុនពេលសង្គ្រាមរបស់រុស្ស៊ី បានផ្ទុះឡើង នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែបច្ចុប្បន្ន សហរដ្ឋអាមេរិក បានបង្កើននូវការផលិតគ្រាប់រំសេវ សម្រាប់កាំភ្លើងផ្លោងប្រភេទនេះ កើនឡើង រហូតដល់ ៩០ ០០០គ្រាប់ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ផងដែរ។
ជាមួយនឹងការត្អូញត្អែររបស់អ៊ុយក្រែន នោះ ក្រុមរដ្ឋមន្ត្រី ក្រសួងការពារជាតិសហភាពអឺរ៉ុបបានយល់ព្រមបង្កើនល្បឿន ផ្ដល់គ្រាប់រំសេវ និង រៀបចំគម្រោងផលិតគ្រាប់កាំភ្លើងឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត សម្រាប់ជួយដលើក្រុងកៀវ។ ស្របគ្នានេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែក្រាញននៀល ការពារទីក្រុងបាកមូត (Bahkmut) ឲ្យខាងតែបាន ថ្វីបើត្រូវទីក្រុងមួយនេះ ត្រូវកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ឡោមព័ទ្ធយ៉ាងណាក្ដី។
លោក ជេនស៍ ស្តូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា ទីក្រុងបាកមុតរបស់អ៊ុយក្រែន ស្ថិតនៅភាគខាងកើត ប្រទេស អាចនឹងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ អស់រយៈពេលជាង៦ខែមកនេះ។ រុស្ស៊ី បាន និង កំពុងតែបញ្ជូនកងទ័ព មកកាន់ទីក្រុងបាក់មុត កាន់តែច្រើនឡើង ថ្វីបើទោះក្រុងមូស្គូ បានខូចខាតកងទ័ព នៅលើសមរភូមិមួយនេះ រាប់ម៉ឺននាក់យ៉ាងណាក្ដី។
លោកប្រមុខអង្គការណាតូ រូបនេះ បានថ្លែងទៅកាន់ក្រុមអ្នកកាសែត កាលពីថ្ងៃពុធ ទី៨ ខែមីនា ខណៈទៅចូលរួមប្រជុំក្រុមរដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅក្នុងទីក្រុងស្ដុកខម ប្រទេសស៊ុយអែត ថា គេមិនអាចបដិសេធ ថា ទីក្រុង Bakhmut នឹងអាចធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះឡើយ។ ដូច្នេះយើងត្រូវបញ្ជាក់ ថា មិនត្រូវមើលស្រាល ទៅលើកម្លាំងទាហានរុស្ស៊ីនោះទេ»។
ដោយឡែក លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner Group ដែលកំពុងតែដឹកនាំការវាយលុក នៅក្នុងសមរភូមិក្ដៅ ទីក្រុងបាកមុត បានប្រកាស ថា ទាហានរបស់ខ្លួន បានដណ្ដើមផ្នែកខាងកើត ទីក្រុងឧស្សាហកម្មនេះហើយ។ ដោយឡែកអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃពុធ ទី៨ មីនា ថា «ថ្វីបើកម្លាំងសត្រូវ កំពុងតែរងនូវការខូចខាត និងបាត់បង់ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែបន្ត វាយលុកសម្រុកចូលមកក្នុងទីក្រុងបាក់មុតដែរ»។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (volodymyr zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ប្រសិនបើទីបាកមុត ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី មែន កងទ័ពរបស់ក្រុមមូស្គូ អាចនឹងវាយទម្លុះចូលខ្សែការពាររបស់អ៊ុយក្រែន ហើយអាចវាយរុលទៅមុខបន្ដទៀត ចូលទៅកាន់ទីក្រុងនានា នៅនៅក្បែរនោះ ។ ស្របគ្នានេះ លោកប្រធានាធិបតី បានពិភាក្សាជាមួយលោកនាយអគ្គសេនាធិការ និង មេទ័ពកំពូល អំពីយុទ្ធសាស្រ្ដសង្គ្រាម កាលពីថ្ងៃចន្ទ។ ប៉ុន្ដែប្រមុខកងទ័ពទាំងនោះ បានសម្រេចមិនឲ្យមានការដកទ័ព ហើយត្រូវតែបញ្ជូនកងទ័ពបន្ថែម ទៅពង្រីងខ្សែការពាររបស់ខ្លួន។
លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្ត្រី ក្រសួងការពារជាតិរបស់រុស្ស៊ី បានប្រាប់ដល់ក្រុមមន្ត្រីយោធារបស់គាត់ កាលពីថ្ងៃអង្គារ ថា ការដណ្ដើមកាន់កាប់បានទីក្រុងបាកមូត នឹងជួយឲ្យកម្លាំងទាហានរបស់រុស្ស៊ី បន្ដប្រតិបត្តិការវាយលុកទៅកាន់តំបន់ផ្សេងៗទៀត នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ។
លោក ជេនស៍ ស្តូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានសង្កត់ធ្ងន់ ថា បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត នឹងបន្តផ្តល់ជំនួយយោធា និង គ្រាប់រំសេវ ជួយដល់អ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ កាលពីឆ្នាំ២០២២ បណ្ដាប្រទេសជាសម្ពន្ធមិត្ត បានផ្ដល់ជំនួយយោធា និង សេដ្ឋកិច្ច ជួយដល់អ៊ុយក្រែន មានទំហំទឹកប្រាក់ជិត១៥០ពាន់លានអឺរ៉ូ ហើយក្នុងនោះមាន៦៥ពាន់លានអឺរ៉ូ ជាជំនួយយោធា។ ករណីនេះ ជាការចាំបាច់ខ្លាំងណាស់ ដែលលោកខាងលិច និង សម្ពន្ធមិត្ត ត្រូវតែបង្កើននូវការផលិតគ្រាប់រំសេវឲ្យបានកាន់តែច្រើន សម្រាប់បំពេញឃ្លាំងស្ដុករបស់ខ្លួន ហើយអាចបន្តជួយផ្គត់ផ្គង់ដល់អ៊ុយក្រែន បន្ថែមទៀត។
ជាមួយគ្នានេះ ក្រុមរដ្ឋមន្ត្រី ក្រសួងការពារជាតិ សហភាពអឺរ៉ុប ក៏បានជួបពិភាក្សាគ្នាជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិកស៊ី រេស្នីកូវ (Oleksiy Reznikov) អំពីតម្រូវការបន្ទាន់របស់ អ៊ុយក្រែន និង គម្រោងពង្រឹងឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប សម្រាប់រយៈពេលវែង៕










