សហរដ្ឋអាមេរិក ៖ មានហេតុការណ៍រថភ្លើង២ខ្សែបានបុកគ្នានៅអាមេរិកបណ្តាលឱ្យកើតភ្លើងឆេះរថភ្លើង និងទូររថភ្លើងធ្លាក់ចូលទៅក្នុងទឹក ហើយប្រេងម៉ាស៊ូតដែលជាប្រេងឥន្ធនៈរបស់រថភ្លើង ក៏ហូរធ្លាយទៅក្នុងទឹកផងដែរ ។ បំណែករថភ្លើងដឹកទំនិញបានធ្លាក់ពាសពេញផ្លូវ និងមានសភាពខ្មៅបណ្តាលមកពីភ្លើងឆេះ បន្ទាប់ពីទូររថភ្លើងភាគច្រើនបានធ្លាក់ចេញពីផ្លូវដែក ។
បណ្តាញផ្លូវដែករបស់រដ្ឋាភិបាលអាមេរិកបានរាយការណ៍ពីមូលហេតុធ្វើឱ្យកើតគ្រោះថ្នាក់នេះថា បណ្តាលមកពីរថភ្លើងបានបុកជាមួយផ្ទាំងថ្មនៅទីក្រុង Sandston រដ្ឋ West Virginia របស់អាមេរិក ហើយបុគ្គលិកធ្វើការក្នុងរថភ្លើងចំនួន៣នាក់បានរងរបួស ។
ក្រុមហ៊ុន CSX Corp. ម្ចាស់រថភ្លើងដែលជួបគ្រោះថ្នាក់និយាយថា រថភ្លើងនេះបានដឹកទំនិញ ហើយមានក្បាលរថភ្លើងចំនួន៤ និងទូររថភ្លើងចំនួន៩ បានក្រឡាប់ធ្លាក់ចេញពីផ្លូវដែកទាំងមូលតែម្តងបណ្តាលឱ្យកើតភ្លើងឆេះរថភ្លើង និងធ្វើឱ្យបុគ្គលិករងរបួស៣នាក់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ ។
កាលពី១ខែមុន នៅអាមេរិកក៏មានហេតុការណ៍រថភ្លើងដឹកជំនិញរបស់ក្រុមហ៊ុន Norfolk Southern បានធ្លាក់ចេញពីផ្លូវនៅទីក្រុង East Palestine រដ្ឋអូហៃយ៉ូផងដែរ ដែលបណ្តាលឱ្យសារធាតុពុល និងសារធាតុគីមីផ្សេងៗដែលរថយន្តដឹកជញ្ជូនបានធ្លាយចេញមកក្រៅ និងមានភ្លើងឆេះ រហូតត្រូវជម្លៀសពលរដ្ឋជាច្រើននាក់ចេញពីកន្លែងកើតហេតុ ហើយគេបារម្ភថា វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋរស់នៅក្បែរនោះ ។
ប៉ុន្តែគ្រោះថ្នាក់លើកនេះ ខាងក្រុមហ៊ុន CSX Corp. បញ្ជាក់ថា រថភ្លើងនេះមិនបានដឹកសារធាតុគ្រោះថ្នាក់ទេ ហើយហេតុការណ៍នេះក៏មិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋដែរ ។ រីឯបណ្តាញផ្លូវដែករបស់រដ្ឋាភិបាលអាមេរិកបានរាយការណ៍លើកចុងក្រោយថា ភ្លើងដែលឆេះរថភ្លើងនេះបានរលត់វិញហើយ ៕
ប្រភព ៖ TNN World










