ប្រទេសថៃ ៖ កាលពីពេលថ្មីៗនេះ TasteAtlas បានប្រកាសថា «នំឆាខ្វៃថៃ» បានជាប់ចំណាត់ថ្នាក់ទី៥ លើពិភពលោក ជាបង្អែមល្អបំផុតនៅតាមផ្លូវ ហើយប្រកាសថា «តែបៃតងថៃ» បានជាប់ចំណាត់ថ្នាក់ទី៧ ជាភេសជ្ជៈគ្មានជាតិអាល់កុល ដែលឆ្ងាញ់បំផុតនៅលើពិភពលោក ។

កាលពីថ្ងៃទី២ ខែមីនា កន្លងមក មន្ត្រីមកពីអគ្គនាយកដ្ឋានសុខាភិបាលថៃ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai បានដាស់តឿនទៅកាន់អ្នកនិយមបរិភោគតែបៃតង និងឆាខ្វៃទាំងអស់ថា ឆាខ្វៃចំនួន១០០ក្រាមបានផ្តល់ថាមពលរហូតដល់៤៤១កាឡូរី និងមានជាតិកាបូអ៊ីដ្រាតចំនួន៤០.៥៦ក្រាម ហើយមានជាតិខ្លាញ់២៧.៧៩ក្រាម ។ រីឯឆាខ្វៃមានទំហំកណ្តាល១គូ គឺមានទម្ងន់ប្រមាណ៣០ក្រាម វានឹងផ្តល់ថាមពលប្រមាណ១៣២កាឡូរី, ជាតិកាបូអ៊ីដ្រាត១២ក្រាម និងជាតិខ្លាញ់៨ក្រាម គឺវាអាស្រ័យលើទំហំតូច ឬធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4PYKucFcOsUNX2XwJvYFFGkdqNujLURdCbbLg2lgcsoR1F0ae-wj6tao0aKAtOicg6BQK1PuMlaDqK15JplfntFkunNohtzW1Eoaa48FdHkwjdiiEtIpU3-1ucVLnT7nT4j7Yty9EtcnWVRPaM9OYHBTjIF2ji96Gd0spQQvmtkhtd5e-U7YMGnSC/s768/photo_2023-03-09_09-54-35%20(2).jpg

លោកវេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ឆាខ្វៃ គឺជានំមួយប្រភេទដែលសម្បូរជាតិកាបូអ៊ីដ្រាត និងជាតិខ្លាញ់ រួមទាំងផ្តល់ថាមពលខ្ពស់ វាសមស្របជាមួយអ្នកដែលត្រូវការបង្កើនថាមពល ប៉ុន្តែវាក៏ផ្ទុកជាតិសូដ្យូមក្នុងម្សៅនំ ឬមានជាតិអំបិលខ្ពស់ផងដែរ ។ ដូច្នេះ វាប៉ះពាល់សុខភាពខ្លាំងណាស់ ជាពិសេស អ្នកមានជំងឺលើសឈាម ។ ក្រៅពីនេះ ឆាខ្វៃភាគច្រើនត្រូវបានអាជីវករយកខ្លាញ់ចៀនឡើងវិញជាច្រើនលើក ហេតុនេះ វាបណ្តាលឱ្យកើតជំងឺមហារីក ។

លោកវេជ្ជបណ្ឌិតបន្តថា ការបរិភោគឆាខ្វៃ ហើយចៀសវាងការធាត់នោះ គួរតែជ្រើសរើសទិញឆាខ្វៃណាដែលគេយកខ្លាញ់ថ្មីមកចៀន ដោយអាចសង្កេតតាមរយៈពណ៌របស់វា ហើយមិនគួរបរិភោគលើសពី២គូក្នុង១ថ្ងៃទេ ហើយបរិភោគវាជាមួយបបរ និងស៊ុតស្ងោរ ដើម្បីឱ្យរាងកាយទទួលបានជាតិប្រូតេអ៊ីន ។ លើសពីនេះ គេអាចបរិភោគវាជាមួយផ្លែឈើដែលមិនផ្អែមខ្លាំងពេក និងជាមួយទឹកសណ្តែកគ្មានជាតិផ្អែម ហើយដាក់សណ្តែកក្រហម ឬគ្រាប់ជីក្នុងទឹកសណ្តែក ដើម្បីបង្កើនជាតិសរសៃ និងកម្ចាត់ជាតិខ្លាញ់ ប៉ុន្តែត្រូវចៀសវាងយកវាទៅជ្រលក់ជាមួយជាតិផ្អែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_aC_BLsDUPu_pvzzE3ItW7E2_lqYdjBT3sR2uQyzRE4wTAZ1bhj_RRdRaCR0WuAKEmaL26MydD45uyYPDvrLhABakF1iMM6qUKHXoGVF-wkpTm4yf5HMibrluUFzkEvjE-7Laf-EUZJL7g9QDzJHtz_x5pIcQXAr_hg8iwZIcfVmUIuRo_rtRXwjx/s905/photo_2023-03-09_09-54-35.jpg

ចំណែកតែបៃតង១កែវ ស្មើបរិមាណ២០០មីល្លីលីត្រ វាផ្តល់ថាមពលប្រមាណ៤៣០កាឡូរី គឺវាអាស្រ័យលើរូបមន្តរបស់តូបលក់តែបៃតងនីមួយៗ ។ តែបៃតងមានជាតិកាបូអ៊ីដ្រាត៦៩ក្រាម ជាតិខ្លាញ់១៥ក្រាម ស្ករ៥៣ក្រាម (ស្មើ១៣ស្លាបព្រាកាហ្វេ) ហើយជាទូទៅ តែបៃតង ត្រូវបានគេតែងដាក់ទឹកដោះគោខាប់ ស្ករស ឬទឹកដោះគោស្រស់ ដើម្បីឱ្យវាមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ ។

ជារៀងរាល់ថ្ងៃ រាងកាយរបស់យើងមិនគួរទទួលជាតិស្ករលើសពី៦ស្លាបព្រាកាហ្វេទេ ដូច្នេះ បើបរិភោគតែបៃតងញឹកញាប់ ឬជារៀងរាល់ថ្ងៃ អ្នកបរិភោគនឹងកើតជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែម, ស្ទះសរសៃឈាមខួរក្បាល និងបេះដូង, មហារីក, លើសឈាម, លើសជាតិខ្លាញ់ក្នុងឈាម និងជំងឺធាត់ ជាដើម ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការបរិភោគតែបៃតងសម្រាប់សុខភាព គឺគួរបរិភោគក្នុងបរិមាណជាតិស្ករតិច មិនលើសពី២ស្លាបព្រាកាហ្វេ រួមទាំងជាតិផ្អែមផ្សេងទៀតមិនថា ទឹកដោះគោខាប់ ទឹកឃ្មុំ និងទឹកស៊ីរ៉ូគ្រប់ប្រភេទ គឺមិនលើសពី២ស្លាបព្រាកាហ្វេដូចគ្នា ។ លោកបន្តថា ការបរិភោគនៅពេលព្រឹក គឺល្អសម្រាប់សុខភាព ហើយគួរចៀសវាងអាហារពេលព្រឹកប្រភេទរហ័ស ដែលវាផ្តល់ថាមពលខ្ពស់ខ្លាំងពេក ឬអាហារណាដែលចៀនជាមួយខ្លាញ់ដដែលៗ និងចៀសវាងការបរិភោគឆាខ្វៃជ្រលក់ទឹកដោះគោខាប់ ឬជ្រលក់តែបៃតង ៕
ប្រភព ៖ bangkokbiznews