សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៤ ខែមីនា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្នុងកិច្ចប្រជុំក្រុមអ្នកគាំទ្រអភិរក្សនិយមថា សង្គ្រាមលោកលើកទី៣ នឹងមិនកើតឡើងទេ បើលោកបានធ្វើជាមេដឹកនាំអាមេរិកម្តងទៀតនៅឆ្នាំ២០២៤ ព្រមទាំងនិយាយថា លោកនឹងអាចបញ្ចប់សង្គ្រាមនៅប្រទេសអ៊ុយក្រែនត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ។
លោក ដូណាល់ ត្រាំ មានអាយុ៧៦ឆ្នាំ បានសន្យាថា លោក និងក្រុមអ្នកគាំទ្រអភិរក្សនិយម នឹងមិនបណ្តោយឱ្យគណបក្សសាធារណរដ្ឋត្រូវគ្រប់គ្រងដោយពួកឆ្កួត ហើយល្ងង់ ដែលដឹកនាំអាមេរិកចូលទៅពាក់ព័ន្ធក្នុងសង្គ្រាមនៅក្រៅប្រទេស ដែលមិនដឹងចប់ថ្ងៃណា ។
អតីតមេដឹកនាំអាមេរិករូបនេះលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនគួរតែឈប់ចំណាយប្រាក់រាប់លានដុល្លារដើម្បីការពារប្រទេសអ៊ុយក្រែនទៀតទៅ ហើយបើលោកត្រូវបានគេជ្រើសរើសជាប្រធានាធិបតីអាមេរិក លោកនឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ត្រឹមរយៈពេល១ថ្ងៃ និងអំពាវនាវឱ្យប្រទេសជាមិត្តក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បង្កើនការចំណាយប្រាក់ក្នុងសង្គ្រាមផងដែរ ។
លោក ត្រាំ និយាយថា ៖ «អ្នកមិនអាចចំណាយប្រាក់រាប់លានដុល្លារអាមេរិកដើម្បីការពារក្រុមមនុស្សដែលមិនសូវចូលចិត្តអាមេរិកទេ ។ បើគិតពីផ្នែកអាជីវកម្មវិញ បើអ្នកយល់ព្រមចំណាយប្រាក់ដ៏ច្រើនបែបនេះ អ្នកត្រូវប្រាប់ពួកគេថា បើពួកគេឈ្នះសង្គ្រាម គឺត្រូវបែងចែកប្រទេសពួកគេពាក់កណ្តាលឱ្យអាមេរិក» ។
លោក ត្រាំ បន្តថា ៖ «មុននឹងខ្ញុំត្រឡប់ទៅធ្វើការនៅសេតវិមាន ខ្ញុំនឹងធ្វើឱ្យសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានដល់ទីបញ្ចប់ ហើយវានឹងបញ្ចប់យ៉ាងឆាប់រហ័សផងដែរ ហើយខ្ញុំនឹងដោះស្រាយបញ្ហានេះដោយខ្លួនឯង គឺប្រើពេលមិនលើសពី១ថ្ងៃទេ» ។
អតីតមេដឹកនាំអាមេរិកក៏បានចោទប្រកាន់លោកប្រធានាធិបតី ចូ បៃដិន ផងដែរថា ជាឧក្រិដ្ឋជន ព្រមទាំងសួរថា ហេតុអ្វីបានជាណាតូមិនជួយចំណាយប្រាក់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ឱ្យស្មើនឹងការចំណាយរបស់អាមេរិក ? លោក ត្រាំ ថា ៖ «យើងនឹងមិនត្រឡប់ទៅរកគណបក្សនយោបាយដែលចំណាយប្រាក់គ្មានដែនកំណត់ដើម្បីធ្វើសង្គ្រាមនៅក្រៅប្រទេសទេ ព្រោះវាជាសង្គ្រាមគ្មានថ្ងៃបញ្ចប់» ។
ទោះយ៉ាងណា នៅពេលលោក ត្រាំ បាននិយាយក្នុងកិច្ចប្រជុំ Conservative Political Action Conference គឺលោកមិនបានអះអាងថា លោកត្រូវបានគេលួចយកជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ ទៀតទេ ៕
ប្រភព ៖ The states times
រក្សាសិទ្ធដោយ KBN News










