ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែមីនា លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា Muay Thai គឺជាក្បាច់គុន និងការការពារខ្លួនដែលបង្ហាញពីអត្តសញ្ញាណតែមួយគត់របស់ថៃ ត្រូវបានដាក់បញ្ចូលជាកីឡាសម្រាប់ការប្រកួត European Games 2023 ដែលនឹងរៀបចំឡើងនៅប្រទេសប៉ូឡូញ នៅថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ។ ការដាក់បញ្ចូលនេះបង្ហាញឱ្យឃើញពីការពេញនិយមរបស់កីឡា Muay Thai នៅលើពិភពលោក និងជាជំហានទៅមុខដ៏សំខាន់ដើម្បីជំរុញឱ្យ Muay Thai ក្លាយជា Soft Power តាមគោលនយោបាយផ្សព្វផ្សាយ Soft Power 5 ប្រភេទ (5F) របស់រដ្ឋាភិបាលដើម្បីបន្ថែមតម្លៃសេដ្ឋកិច្ចដល់ប្រទេស ។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបន្តថា គណៈកម្មាធិការអូឡាំពិកអឺរ៉ុប (The European Olympic Committees: EOC) បានប្រកាសដាក់បញ្ចូលកីឡា Muay Thai សម្រាប់ការប្រកួត European Games 2023 ជាផ្លូវការ ព្រោះមើលឃើញថា Muay Thai ជាកីឡាមួយក្នុងចំណោមកីឡាតស៊ូដែលរីកលូតលាស់លឿនបំផុតលើពិភពលោក ទាំងអត្តពលិក និងអ្នកទស្សនា ។ លើសពីនេះ Muay Thai ក៏ជាកីឡាទទួលបានការពេញនិយមនៅលើពិភពលោក ជាពិសេស នៅអឺរ៉ុប រហូតដល់មានការដាក់បញ្ចូល Muay Thai សម្រាប់ការប្រកួតកីឡាជាផ្លូវការ ដោយនឹងមានការប្រកួតផ្នែកបុរស និងស្ត្រី និងក្រុមចម្រុះ ហើយមុនពេលប្រកួតនឹងមានការរាំថ្វាយគ្រូតាមប្រពៃណី Muay Thai ផងដែរ ។.jpg)
លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី បន្ថែមថា ក្រៅពីនេះ Muay Thai គឺជាបេតិកភណ្ឌវប្បធម៌អរូបីមានតម្លៃរបស់ថៃ ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នកីឡាល្បីៗដូចជា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (International Olympic Committee: IOC) និងគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិក (The United States Olympic & Paralympic Committee: USOPC) បានទទួលស្គាល់ Muay Thai ជាប្រភេទកីឡាថ្មី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។
លោកនាយករដ្ឋមន្ត្រីថៃរីករាយណាស់ដែលកីឡា Muay Thai ទទួលបានការចាប់អារម្មណ៍ និងការសរសើរពីប្រទេសនានា ដើម្បីការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងជាសកម្មភាពសេដ្ឋកិច្ចមួយទៀតដែលទទួលបានការចាប់អារម្មណ៍ និងចូលចិត្តពីភ្ញៀវទេសចរបរទេស ។ លោកនាយករដ្ឋមន្ត្រីមានមោទនភាពដែល Muay Thai បានដាក់បញ្ចូលជាកីឡាមួយក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យតាមនយោបាយរបស់រដ្ឋាភិបាល ដែលបានរួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធនានា ។
លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី លើកឡើងថា ៖ «ប្រទេសថៃត្រូវរួមគ្នាផ្សព្វផ្សាយ និងជំរុញ Muay Thai ឱ្យពិភពលោកបានស្គាល់ ព្រមទាំងអភិវឌ្ឍន៍កីឡានេះឱ្យក្លាយជា Soft Power មានសក្តានុពលរបស់ថៃ ព្រោះ Muay Thai បានបង្កើតកេរ្តិ៍ឈ្មោះ ប្រាក់ចំណូលដល់ប្រទេស រួមទាំងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែងផងដែរ» ៕.jpg)
ប្រភព ៖ topnews
រក្សាសិទ្ធដោយ KBN News










