រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក កាន់តែខ្លាំងឡើង ហើយសិក្សា អំពីមេរៀន នៃសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ផងនោះ ចិន គ្រោងនឹងបង្កើននូវការចំណាយលើវិស័យយោធារបស់ខ្លួន កើនឡើង ជាង៧ភាគរយ នៅក្នុងឆ្នាំ២០២៣នេះ។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែមីនា ថា ក្រុងប៉េកាំង បានបង្កើនថវិកាលើវិស័យយោធា កើនឡើង រហូតដល់២២៥ពាន់លានដុល្លារអាមេរិក។ ចំនួននេះនៅតែតិចជាងការចំណាយលើវិស័យយោធារបស់សហរដ្ឋអាមេរិក ជិត៤ដង។
លោក លី ខេឈាង (Li Keqiang) នាយករដ្ឋមន្រ្ដីចិន ដែលនឹងជិតផុតអាណត្ដិ បានប្រាប់ដល់សមាជជាតិរបស់ប្រជាជន (NPC) ថា «ការប៉ុនប៉ងមកពីខាងក្រៅ ដើម្បីបង្ក្រាប និងទប់ស្កាត់ចិន កំពុងតែកើនឡើង។ កងទ័ពរបស់ចិន គួរតែបង្កើននូវការហ្វឹកហ្វឺនឲ្យបានខ្លាំង និង ត្រៀមខ្លួនរៀបចំទុកជាមុន»។
ការបង្កើននូវការចំណាយលើវិស័យយោធា បានកើតឡើង ខណៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងតែមានទំនាក់ទំនងកាន់តែអាក្រក់ឡើង ជាមួយសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមអ៊ុយក្រែន និង រឿងអាស្រូវបាឡុងចារកម្ម កាលពីពេលថ្មីៗនេះ ដោយគាត់នៅតែបន្ដឱបក្រសោបមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) យ៉ាងជិតស្និទ្ធ។
ដោយឡែក ក្រុមមន្ត្រីសហរដ្ឋអាមេរិក ក៏បានព្រមានម្តងហើយម្តងទៀត ថា ចិនអាចនឹងឈ្លានពានតៃវ៉ាន់ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ចិន បានបង្ហាញកម្លាំងយោធាកាន់តែខ្លាំងក្លា ទាំងនៅលើដែនអាកាស និង ដែនទឹក ដោយរួមទាំងការបាញ់មីស៊ីលបាល្លិស្ទិក ជាច្រើនគ្រាប់ផងដែរ។
លោកស្រី គ្រីស្ទីន វ័រមូត (Christine Wormuth) រដ្ឋលេខាធិការកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក បានដាក់ចេញនូវយុទ្ធសាស្រ្ដដ៏សំខាន់ជាច្រើន នៅក្នុងសង្គ្រាមដ៏ខ្លាំង នាពេលអនាគត ជាមួយនឹងប្រទេសចិន។ លោកស្រី មិនបានគិត អំពីសង្គ្រាមវាយលុក ឡើងលើគោក នៅកោះតៃវ៉ាន់ អាចនឹងកើតឡើងនោះឡើយ។ ប៉ុន្ដែក្រុងប៉េកាំង តែងតែអះអាង អស់រយៈពេលជាយូរណាស់មកហើយ ថា តៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ចិន ហើយថា ចិន នឹងប្រើប្រាស់កម្លាំងយោធា បង្រួបបង្រួមទឹកដីឡើងវិញ ប្រសិនបើមានការចាំបាច់។
លោកស្រី គ្រីស្ទីន វ័រមូត (Christine Wormuth) បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក ត្រូវតែរៀបចំប្រយុទ្ធ ហើយយកជ័យជម្នះ ប្រសិនបើមានការឈ្លានពានរបស់ចិន កើតឡើងមែន។ លោកស្រី បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការបង្កើតកម្លាំងចម្រុះ ជាមួយនឹងសម្ពន្ធមិត្តអន្តរជាតិ ដើម្បីធ្វើឲ្យមានភាពស្មុគស្មាញ ដល់ការសម្រេចចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។ បន្ថែមពីលើសនេះ កងទ័ពសហរដ្ឋអាមេរិក ត្រូវតែបង្កើតមជ្ឈមណ្ឌលចែកចាយដ៏ចាំបាច់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីស្តុកទុកគ្រឿងផ្គត់ផ្គង់ និង ប្រេងឥន្ធនៈ ដែលត្រូវការ សម្រាប់រថពាសដែក និង នាវាចម្បាំងរបស់ខ្លួន។ នៅក្នុងចំណោមតំបន់យុទ្ធសាស្រ្ដទាំងនោះ រួមមាន ប្រទេសអូស្រ្ដាលី ជប៉ុន សិង្ហបុរី និង ហ្វីលីពី។
លោកស្រី គ្រីស្ទីន វ័រមូត (Christine Wormuth) បានបន្ថែម ថា ធាតុដ៏សំខាន់បំផុតមួយ នៅក្នុងចំណោមចំណុចសំខាន់ៗទាំងអស់នោះ គឺការដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅក្នុងទ្វីបអាស៊ី និង បំពាក់សម្ភារសឹកទំនើបៗ ដើម្បីទប់ស្កាត់នូវការឈ្លានពានរបស់ចិន។ ចំណែកកងកម្លាំងប្រយុទ្ធ ដែលអាចជឿទុកចិត្តបាន គួរតែត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យ៉ាងហោចណាស់ មានរយៈពេល៨ខែ នៅក្នុង១ឆ្នាំ។ បន្ថែមពីលើសនេះ កងនាវាវាយលុក បុកឡើងលើគោក និង គ្រឿងសព្វាវុធមានល្បឿនលឿនជាងសំឡេង ត្រូវតែដាក់ពង្រាយជាមុន ដើម្បីដើរតួជាខ្សែការពារដំបូងរបស់ប្រទេសជាសម្ពន្ធមិត្ត។
លោកស្រី រដ្ឋលេខាធិការកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក រូបនេះ បានពន្យល់ ថា « គោលបំណងរបស់យើង គឺបញ្ចៀសនូវការប្រយុទ្ធនឹងសង្គ្រាម នៅទ្វីបអាស៊ី។ ខ្ញុំគិត ថា វិធីសាស្រ្ដដ៏ល្អបំផុត ដើម្បីបញ្ចៀសនូវការប្រយុទ្ធគ្នា នៅក្នុងសង្រ្គាមនេះ គឺការបង្ហាញដល់ប្រទេសចិន និង ប្រទេសផ្សេងៗ នៅក្នុងតំបន់នេះឲ្យដឹង ថា យើងពិតជាអាចឈ្នះសង្រ្គាមនោះបាន»។
លោកស្រី Wormuth បានសង្កត់ធ្ងន់ទៀត ថា ប្រសិនបើសហរដ្ឋអាមេរិក មិនអាចរារាំងដល់ប្រទេសចិន បាន ដោយជោគជ័យនោះទេ កងទ័ពរបស់សហរដ្ឋអាមេរិក មានការងារស្នូលជាច្រើនរបស់ពួកគេ ត្រូវតែអនុវត្ដ វាយលុកតែម្ដង។ បញ្ហាដំបូង ត្រូវតែការពារដល់មូលដ្ឋានកងទ័ពជើងទឹក ជាមួយនឹងជំនួយសមត្ថភាពប្រព័ន្ធការពារដែនអាកាស និង ប្រព័ន្ធការពារមីស៊ីលចម្រុះ។
លោកស្រី រដ្ឋលេខាធិការកងទ័ពជើងគោករបស់សហរដ្ឋអាមេរិក បានបន្ថែម ថា «ទីភ្នាក់ងារសេវាកម្ម ក៏ត្រូវតែទ្រទ្រង់ ជួយដល់កម្លាំងចម្រុះ ដោយការបង្កើតឃ្លាំងស្តុកគ្រាប់រំសេវ និង បញ្ជូនបន្ត ដល់ចំណុចចាក់ប្រេង នៅលើអាកាស។ ចំណែកកិច្ចការដ៏សំខាន់មួយទៀត គឺត្រូវតែធ្វើនូវបច្ចុប្បន្នភាព លើឃ្លាំងអាវុធរបស់កងទ័ពសហរដ្ឋអាមេរិក និង អភិវឌ្ឍសមត្ថភាពផ្សេងៗទៀត ដែលជាធម្មតា មិនមានទំនាក់ទំនង ជាមួយកងកម្លាំង ដែលមានមូលដ្ឋាន នៅលើដី។ យើងត្រូវតែធ្វើឲ្យប្រាកដ ថា ជំហានដំបូងរបស់យើង ត្រូវតែទទួលបាននូវអាវុធ មានល្បឿនលឿនជាងសំឡេង បាញ់រយៈចម្ងាយឆ្ងាយ»៕










