ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងត្រូវបានពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាករណីលោកបញ្ចេញយោបល់ថា ការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នាមិនមែនជារឿងសំខាន់ទេ ។ ការលើកឡើងនេះធ្វើឱ្យសង្គមជប៉ុន ជាពិសេស ក្រុមអ្នកគាំទ្រភាពស្មើគ្នាខាងផ្លូវភេទរិះគន់ថា លោកនាយករដ្ឋមន្ត្រីមិនច្បាស់លាស់ក្នុងការផ្តល់ភាពសំខាន់ និងគាំទ្រសិទ្ធិរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នា ។

លោក Kishida មិនមែនជាមនុស្សដំបូងទេដែលត្រូវបានគេរិះគន់រឿងនេះ កាលពីមុន លោក Masayoshi Arai លេខានាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋាភិបាលបញ្ជាឱ្យគេដកលោកចេញពីតំណែង បន្ទាប់ពីនិយាយពាក្យរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា ដោយលោក Arai និយាយថា ៖ «ខ្ញុំមិនចូលចិត្តប៉ុន្មានទេ បើអ្នកស្រឡាញ់ភេទដូចគ្នាមកនៅជិតផ្ទះ ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ។ រដ្ឋាភិបាលត្រូវពិចារណាឱ្យបានល្អិតល្អន់ ដោយសារអាចប៉ះពាល់ដល់ប្រពៃណីក្នុងសង្គមជប៉ុន» ។Ban on same-sex marriage not discrimination, says Japan PM | World News,The  Indian Express

កន្លងមក គណបក្សកាន់អំណាចរបស់លោក Kishida បានស្ថិតក្រោមសម្ពាធពីសង្គមខាងក្រៅ ខណៈពលរដ្ឋបានអំពាវនាវឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិរបស់អ្នក LGBTQ ខណៈលទ្ធផលការស្រាវជ្រាវពីភ្នាក់ងារជាច្រើនចាប់ផ្តើមសង្កេតឃើញថា យុវវ័យសម័យថ្មីជាច្រើននាក់បានគាំទ្រការរៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេស ក្នុងចំណោមអ្នកអាយុតិចដែលមានសិទ្ធិបោះឆ្នោត និងក្រុម Marriage for All Japan ។

ការស្ទង់មតិចុងក្រោយបង្ហាញថា ២ក្នុងចំណោម៣នាក់នៃអ្នកមានសិទ្ធិបោះឆ្នោត គឺពួកគេគាំទ្រឱ្យអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ ខណៈជប៉ុនជាប្រទេសមួយស្ថិតក្នុងក្រុមប្រទេស G7 ប៉ុន្តែមិនទទួលស្គាល់សិទ្ធិរបស់ពួកគេ ។Japan PM: Ban on same-sex marriage not discrimination - ABC News

Makiko Terahara ប្រធានក្រុម Marriage for All Japan និយាយថា ៖ «ខ្ញុំគិតថា នេះជាហេតុផលមួយដែលឆ្លុះបញ្ចាំងឱ្យឃើញថា រដ្ឋាភិបាលមិនបានយល់ស្របនឹងគំនិតរបស់ពលរដ្ឋ ព្រោះបេះដូងរបស់រដ្ឋាភិបាលភាគច្រើនជាក្រុមយុវជន» ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក តុលាការនៅទីក្រុងតូក្យូបានគាំទ្របម្រាមរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា ប៉ុន្តែលើកឡើងថា ការបដិសេធផ្នែកច្បាប់សម្រាប់គូស្នេហ៍ភេទដូចគ្នា គឺជាការរើសអើង ។ អ្នកទាមទារសិទ្ធិបានសាទរចំពោះសេចក្តីសម្រេចនេះថា ជាជោគជ័យមួយជំហានដើម្បីកែតម្រូវច្បាប់ឱ្យគូស្នេហ៍ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍បាន ៕

ប្រភព ៖ thebetter