TikTok បានប្រកាសពីគោលការណ៍ថ្មីរបស់ខ្លួនដើម្បីទប់ស្កាត់ការញៀននឹងការលេងបណ្តាញសង្គមរបស់យុវវ័យ គឺការត្រៀមបើកឱ្យប្រើប្រាស់មុខងារថ្មី ដោយកំណត់ឱ្យអ្នកប្រើមានអាយុក្រោម១៨ឆ្នាំ អាចប្រើប្រាស់កម្មវិធីនេះត្រឹមតែ១ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ។
គេចាត់ទុកថា វាជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងអស់របស់ TikTok ដើម្បីការពារយុវវ័យកុំឱ្យញៀននឹងការលេង TikTok ក្នុងទូរស័ព្ទដៃ ។ ក្នុងករណីពួកគេប្រើប្រាស់ TikTok លើសកំណត់ នឹងត្រូវបង្ខំឱ្យដាក់លេខសម្ងាត់ម្តងទៀតសម្រាប់បញ្ជាក់ថា នឹងប្រើប្រាស់បន្ត ។ ទោះយ៉ាងណា ដំណាក់កាលចុះឈ្មោះប្រើប្រាស់កម្មវិធី TikTok គឺត្រូវដាក់ថ្ងៃខែឆ្នាំកំណើតរបស់អ្នកប្រើប្រាស់ជាមុនសិន ។
ចំណែកអ្នកប្រើប្រាស់វ័យក្មេងមានអាយុក្រោម១៣ឆ្នាំ ត្រូវប្រើកម្មវិធី TikTok for Younger Users ដែលមានការកំណត់រយៈពេលប្រើប្រាស់ក្នុង១ថ្ងៃមិនលើសពី៦០នាទី ហើយបើពួកគេត្រូវការប្រើប្រាស់លើសពីពេលកំណត់នេះ ឪពុកម្តាយពួកគេត្រូវដាក់លេខសម្ងាត់ដើម្បីបន្តរយៈពេលប្រើប្រាស់ចំនួន៣០នាទីទៀត ។
ជាមួយគ្នានេះ TikTok ក៏មានគម្រោងបន្ថែម Features សម្រាប់ Family Pairing ផងដែរ ដែលអនុញ្ញាតឱ្យឪពុកម្តាយក្មេងអាចតភ្ជាប់គណនីរបស់កូនជាមួយគណនីរបស់ឪពុកម្តាយដើម្បីដឹងថា តើកូនរបស់ខ្លួនចូលមើលរូបភាព ឬខ្លឹមសារអ្វីខ្លះ ? ហើយដឹងថា កូនរបស់ពួកគេមើលក្នុងរយៈពេលយូរប៉ុនណាក្នុង១ថ្ងៃ ។ ឪពុកម្តាយក្មេងអាចកាត់ Content មួយចំនួនចេញ ដែលខ្លួនមិនចង់ឱ្យកូនចូលមើលផងដែរ ។ TikTok រំពឹងថា Features ទាំងនេះនឹងអាចប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត ៕
ប្រភព ៖ The better










