សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានដាស់តឿនចិនថា អាមេរិកនឹងមិនរង់ចាំយូរទេក្នុងការដាក់ទោសក្រុមហ៊ុន និងក្រុមបុគ្គលរបស់ចិន បើពួកគេផ្តល់ជំនួយផ្នែកអាវុធដល់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken បានថ្លែងកាលពីថ្ងៃទី២៨ ខែកុម្ភៈថា អាមេរិកនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទោសចំពោះក្រុមហ៊ុន និងក្រុមបុគ្គលរបស់ចិន បើរដ្ឋាភិបាលចិនរំលោភវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ី ករណីជម្លោះកងទ័ពនៅអ៊ុយក្រែន ។
លោក Anthony Blinken បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងពេលលោកមកកាន់ទីក្រុងនៃប្រទេសកាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន និងជាលើកដំបូងដែលលោកបានមកកាន់ភូមិភាគនេះក្នុងឋានៈរដ្ឋមន្ត្រីក្រសួងការបរទេសរបស់រដ្ឋាភិបាលអាមេរិកថា បើចិនផ្តល់ជំនួយដល់រុស្ស៊ីក្នុងជម្លោះលើកនេះ វានឹងជាការបង្កើតបញ្ហាអាក្រក់សម្រាប់ទំនាក់ទំនងរបស់ចិនជាមួយប្រទេសផ្សេងៗក្នុងពិភពលោក ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអាមេរិក គឺពោរពេញទៅដោយបញ្ហាតាំងពីអាមេរិកបញ្ជាក់ថា ចិនបានបង្ហោះបាឡុងស៊ើបការណ៍ចូលមកកាន់ដែនអាកាសរបស់ខ្លួន ហើយយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់បាឡុងនោះតាមបទបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន ។ ករណីជម្លោះនេះបានកើតឡើងស្របពេលបណ្តាប្រទេសលោកខាងលិចកំពុងឃ្លាំមើលយ៉ាងដិតដល់អំពីវិធានការរបស់ចិនចំពោះសង្គ្រាមនៅអ៊ុយក្រែន ៕
ប្រភព ៖ TNN World










